(តួកគី)៖ ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី (TIKA) សាធារណរដ្ឋតួកគី លោក Serkan KAYALAR បានសន្យាផ្ដល់ជំនួយជាបរិក្ខា ដល់វិទ្យាស្ថានបណ្ដុះបណ្ដាល ឧស្សាហកម្មហាឡាល់ នៅកម្ពុជា បើសិនជាអាគារវិទ្យាស្ថាន ត្រូវបានបង្កើតជារូបរាងឡើង។ ការសន្យាបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកប្រធាន TIKA ជាមួយលោក អូស្មាន់ ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគី។

ក្នុងជំនួបនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងអំពីការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ទាំងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងការទូតឲ្យបានកាន់តែល្អប្រសើរ ស្របពេលដែលពិភពលោក កំពុងតែមានភាពមិនច្បាស់លាស់ និងមិនប្រាកដប្រជា ក្នុងនោះលោកទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យភាគីតួកគី ផ្ដល់ជំនួយដល់កម្ពុជា ក្នុងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាល ដាហាឡាល់ផងដែរ។

ជាការឆ្លើយតប លោក Serkan KAYALAR បានលើកឡើងថា លោកពិតជាមានសេចក្តីរំភើបរីករាយ យ៉ាងក្រៃលែង ចំពោះវត្តមានរបស់មន្ត្រីជាន់ខ្ពស់ នៃប្រទេសកម្ពុជា ជាពិសេសទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលបានបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋតួកគី។

លោកបានជម្រាបជូន លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អំពីវិស័យមួយចំនួនដែលត្រូវតភ្ជាប់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-តួកគី នៅក្នុងវិស័យជាង ២,០០០ គម្រោងក្នុងមួយឆ្នាំមួយឆ្នាំៗ ដែលកំពុងតែធ្វើប្រតិបត្តិការនៅបណ្ដាប្រទេសមួយចំនួន ដែលប្រើភាសាតួកគី អាមេរិកឡាទីន សហភាពអឺរ៉ុប និងតំបន់អាស៊ី។

ប្រធានភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី បន្តទៀតថា លោកពិតជាចង់ឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ចគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។ ចំពោះជំនួយដល់កម្ពុជា ក្នុងវិស័យឧស្សាហកម្មកហាឡាល លោកសន្យាថា នឹងផ្ដល់ជំនួយផ្នែកបរិក្ខាដែលមានតម្លៃរាប់លានដុល្លារ ក្នុងករណីដែលកម្ពុជា មានអាគារវិទ្យាស្ថានរួច។

គួរបញ្ជាក់ជូនថា ទីភ្នាក់ងារ TIKA ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ក្នុងគោលបំណងផ្តល់ជំនួយបច្ចេកទេស ទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ បច្ចេកវិទ្យា អប់រំ និងការអភិវឌ្ឍសង្គម តាមរយៈការអភិវឌ្ឍគម្រោង និងកម្មវិធីនានា។

ទីភ្នាក់ងារ TIKA មានស្នាក់ការនៅ ៦០ប្រទេស ធ្វើសហប្រតិបត្តិការនៅជាង១៥០ប្រទេស ដែលមានសកម្មភាពចម្បងលើកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់ការអភិវឌ្ឍ ស្ថាប័នធនធានមនុស្ស។ TIKA ក៏ផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រព័ន្ធធារាសាស្ត្រ អនាម័យ និងគម្រោងដឹកជញ្ជូន ព្រមទាំងសាងសង់ និងជួសជុលសាលារៀន មន្ទីរពេទ្យ ស្ថាបត្យកម្ម និងផ្តល់ជំនួយផ្នែកមនុស្សធម៌ផងដែរ៕