(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានថ្លែងថា ប្រទេសជាតិរុងរឿង ក៏ដោយសារស្ត្រីដែលបានរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់។

សមាជិកព្រឹទ្ធសភា បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីអបអរសាទរ ខួបលើកទី១០៩ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» នៅសាលាស្រុកស្វាយ ខេត្តកំពង់ធំនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ពីអភិបាល អភិបាលរងសមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជជាស្ត្រីជាង ៥០០នាក់។

លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានធ្វើរបាយការណ៍សង្ខេប ស្របពេលទៅនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជា ពិភពលោក ប្រារព្ធទិវានារីអន្តរជាតិ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកឡើងវិញ នូវការតស៊ូរបស់វីរៈស្រ្តី ក្នុងការធ្វើឲ្យសម្រេចនូវសមធម៌ សន្តិភាព និងការអភិវឌ្ឍ នៅក្នុងសង្គម។

លោកស្រី ឃួន ឃុនឌី បានកោតសរសើរដល់ស្ត្រី ដើម្បីរៀបចំពិធីនេះ ក្នុងគោលដៅរំលឹកដល់ការតស៊ូ ព្យាយាម អត់ធ្មត់ និងចូលរួមធ្វើការកែប្រែឥរិយាបថ របស់មនុស្សឲ្យទទួលស្គាល់ និងផ្តល់ឱកាសដល់ស្រ្តី ទទួលបានអត្ថប្រយោជន៍ ពីធនធានសេដ្ឋកិច្ចសង្គម និងសិទ្ធិ ជាពលរដ្ឋស្មើគ្នាជាមួយបុរស ដើម្បីធ្វើឲ្យជីវិតរស់នៅ ឈានឆ្ពោះទៅរកភាពសុខដុមរម្យនា និងភាពសម្បូររុងរឿង រួចផុតពីភាពងាយរងគ្រោះ។

លោកស្រីបន្តថា ប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមាសភាពយេនឌ័រ» គឺបានផ្តល់ន័យយ៉ាងសំខាន់ និងទូលំទូលាយ ក្នុងការចូលរួមរបស់បុរស និងស្ត្រី ដែលទទួលយកបាននូវ សិទ្ធិស្មើគ្នា ឱកាសដូចៗគ្នា ហើយជាដៃគូរដ៏សក្តិសម និងការទទួលបាន ដោយការគាំទ្រយ៉ាងពេញទំហឹង ពីរដ្ឋាភិបាល ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងសង្គមកម្ពុជាទាំងមូល ជាពិសេស គឺស្រ្តីខ្លួនឯងផ្ទាល់ សម្រាប់ផ្តល់ជាធនធានមនុស្ស ប្រកបដោយសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជំរុញ និងពន្លឿនកិច្ចការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ឱ្យឈានទៅរកភាព រីកចម្រើនរុងរឿង ខណៈដែលប្រទេសជាតិយើង កំពុងទទួលបាននូវសុខសន្តិភាព ពេញផ្ទែប្រទេសនោះ៕