(កំពង់ធំ)៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំងបី និងអភិបាលក្រុង/ស្រុក។

នៅក្នុងឱកាសនោះ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ជូនដល់អង្គពិធី។

លោក សុខ លូ បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ជារៀងរាល់ឆ្នាំ មានគោលបំណង រំលឹកដល់សេចក្តីក្លាហាន និងការខិតខំតស៊ូរបស់បុព្វបុរសជាស្ត្រីទូទាំងសកលលោក ដើម្បីសិទ្ធិ សិរីភាព និងតួនាទី ស្មើគ្នារវាងបុរស និងស្ត្រីនៅក្នុងសង្គម។

សំខាន់ជាងនេះទៀត ទិវានេះផ្តល់ឱកាសឲ្យយើងទាំងអស់គ្នានាសម័យបច្ចុប្បន្ន អាចឆ្លុះបញ្ចាំង និងអបអរសាទរ ចំពោះសមិទ្ធផលទាំងឡាយដែលសម្រេចបានក្នុងការលើកកម្ពស់ ការចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គម រួមមាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ។

នៅក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ខ្ញុំសូមគាំទ្រលើប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» បានរំលេចពីតម្លៃសុខសន្តិភាព និងអរគុណសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងថែរក្សាសន្តិភាពឲ្យនៅគង់វង្សយូរអង្វែងឆ្ពោះទៅមុខទៀត។

លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសុខសន្តិភាព និងស្ថិរភាពនៅលើពិភពលោក និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាងជាប់ព្រំដែន កសាងតំបន់ព្រំដែន ជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

មុននឹងបញ្ចប់ លោក សុខ លូ បានថ្លែងអំណរគុណដល់មន្ទីរកិច្ចការនារីដែលបានរៀបចំកម្មវិធីនេះ និងបានកោតសរសើរដល់សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្ថាប័នពាក់ព័ន្ធ ទាំងអស់ដែលបានចូលរួមចំណែកគាំទ្រកិច្ចការមនុស្សធម៌ ការលើកកម្ពស់សមត្ថភាព ជីវភាពសិទ្ធិ ឋានៈ តួនាទី សុខុមាលភាពស្ត្រី និងការទប់ស្កាត់អំពើហិង្សា និងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

ឆ្លៀតក្នុងឱកាសនោះលោក សុខ លូ បានជូនផ្កាទុកជាអនុស្សាវរីយ៍ ជូនដល់បងប្អូនជានារី ដែលបានចូលរួម ខួបលើកទី ១០៩ ទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០នេះក្នុងក្តីសប្បាយរីករាយ៕