(សៀមរាប)៖ យោងតាមរបាយការណ៍ក្រុមការងារលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមការងារបានបន្តការងារចុះពិនិត្យអនុញ្ញាតការជួសជុលសំណង់តូចតាច ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន ៣២៧ករណី ក្នុងនោះសំណង់ស្រាលដែលត្រូវបានក្រុមការងារអនុញ្ញាតមានចំនួន ២២៩ករណី។

គោលដៅទាំងនោះ រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន ២០ករណី ស្រុកអង្គរធំអនុញ្ញាតបានចំនួន ២០ករណី ស្រុកពួកអនុញ្ញាតបានចំនួន ៦២ករណី ក្រុងសៀមរាបអនុញ្ញាតបានចំនួន ២៩ករណី និងស្រុកបន្ទាយស្រីអនុញ្ញាតបានចំនួន ៩៨ករណី។

ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់គឺជាប្រជាពលដ្ឋចាស់រស់នៅក្នុងតំបន់អង្គរពិតប្រាកដនិងមានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ហើយមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ៕