(កំពង់ចាម)៖ លោក ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានប្រកាសចូលកាន់តំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ជំនួសលោក ហួត វុទ្ធី ព្រះរាជអាជ្ញាចាស់ ដែលត្រូវផ្លាស់កាន់មុខតំណែងថ្មីជាអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ។

ពិធីប្រកាសផ្ទេរចូលកាន់តំណែងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីលោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម។

បន្ទាប់ពីពិធីប្រគល់ត្រា និងការប្ដេជ្ញាចិត្តរបស់លោក ច្រឹង ខ្មៅ, លោក ហេង វណ្ណនី បានថ្លែងថា ជួសមុខឲ្យលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមកោតសរសើរលោក ហួត វុទ្ធី ដែលទើបតែដូរទៅកាន់តំណែងថ្មី ដែលកន្លងមក បានខិតខំបំពេញការងារយ៉ាងល្អនៅក្នុងមុខតំណែង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយបានចូលរួមសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាព អាជ្ញាធរឃុំ អនុវត្តកិច្ចការរបស់ខ្លួនប្រកបដោយភាពជោគជ័យ គ្រប់បុព្វហេតុផ្ដល់នូវសេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក្នុងទឹកដីខេត្តកំពង់ចាម។ ប៉ុន្តែយ៉ាងណាក៏ដោយ អង្គភាពអយ្យការអមសាលាដំបូងខេត្ត ក៏នៅសេសសល់សំណុំរឿងមួយចំនួន ដែលតម្រូវឲ្យលោកព្រះរាជអាជ្ញាថ្មី ធ្វើកិច្ចការនេះបន្តផងដែរ។

លោក ព្រហ្ម សិទ្ធត្រា បានកោតសរសើរចំពោះលោក ហួត វុទ្ធី ដែលកន្លងមក បានខិតខំធ្វើការសម្រេចនូវសមិទ្ធផលជាច្រើន និងទទួលខុសត្រូវខ្ពស់ក្នុងនាមថ្នាក់ដឹកនាំ មិនថា កិច្ចការផ្ទៃក្នុង ឬការងារបំរើសេវាជូនប្រជាពលរដ្ឋឡើយ ដែលសាកសមជាកន្លែងបំពេញការងារ និងជាកន្លែងផ្ដល់យុត្តិធម៌ ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ ក្រសួងយុត្តិធម៌ តែងតែឆ្លើយតបជាបន្តបន្ទាប់នូវតម្រូវការរបស់សាលាដំបូងខេត្ត និងអយ្យការសាលាដំបូង ក្នុងការដោះស្រាយបញ្ហានានាដើម្បីធានា និងដើម្បីបម្រើសេវាយុត្តិធម៌ ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌។

លោករដ្ឋលេខាធិការ បានថ្លែងបន្តថា «ប្រទេសយើងមានសុខសន្តិភាព បានមកពីគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខថ្នាក់ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលសម្តេច បាននាំមកនូវសុខសន្តិភាពយ៉ាងពេញលេញទូទាំងប្រទេស ដែលបង្កឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ធ្វើឲ្យមានការរីកចំរើនទាំងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ មានភាពសមរម្យ ប្រកបដោយភាពថ្លៃថ្នូរ ធ្វើឱ្យយើងទាំងអស់គ្នាសូមអរគុណសុខសន្តិភាព និងសូមអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី»៕