(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួងសុខាភិបាល។ ពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។

ក្រសួងសុខាភិបាលបានបើកសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ខ្លួនកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍជាច្រើនរូបទៀត។

ការងារសុខាភិបាល គឺជាការងារអាទិភាព និងចាំបាច់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋមានសុខភាពមិនល្អ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើវិស័យសុខាភិបាលនេះ ចាប់តាំងពីក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ដើម្បីធ្វើឲ្យវិស័យសុខាភិបាលនេះ វិវឌ្ឍន៍ជាមួយភាពល្អប្រសើរនោះ រាជរដ្ឋាភិបាល បានទម្លាក់ថវិកាជាតិខ្ពស់ជាងគេទៅក្នុងវិស័យសុខាភិបាលលើការចំណាយចរន្តប្រចាំឆ្នាំរបស់ខ្លួន។ នៅឆ្នាំ២០២០នេះ ថវិកាជាតិជាង ៤០០លានដុល្លារ ត្រូវបានបញ្ចេញ ដើម្បីប្រើប្រាស់ក្នុងវិស័យសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានអញ្ជើញជាអធិបតីបិទសន្និបាតការងាររបស់ក្រសួងសុខាភិបាលជារៀងរាល់ឆ្នាំផងដែរ ដើម្បីយកឱកាសនេះផ្តល់នូវអនុសាសន៍ និងការទូន្មានមួយចំនួនដល់ក្រុមគ្រូពេទ្យ ក្នុងបំណងធ្វើឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់កម្ពុជា។

ដ្បិតថាពេលបច្ចុប្បន្នវិស័យសុខាភិបាលរបស់កម្ពុជាមើលឃើញថា មិនទាន់មានកម្រិតខ្លាំងក្លាដូចប្រទេសជិតខាង និងនៅមានភាពប្រឈមមួយចំនួនយ៉ាងណាក្តី តែគេបានមើលឃើញថា វិស័យនេះមានភាពល្អប្រសើរច្រើនបើធៀបពីអតីតកាលរបស់កម្ពុជា ដែលគ្រូពេទ្យពឹងតែសេនសម្រាប់កោសខ្យល់នោះ។ បច្ចុប្បន្នរាជរដ្ឋាភិបាលបានពង្រាយមណ្ឌលសុខភាពទៅគ្រប់ឃុំទូទាំងប្រទេស ដើម្បីធានាដល់ការជួយសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា អង្គសន្និបាតរយៈពេលមួយថ្ងៃកន្លះនេះ បានពិនិត្យរបាយការណ៍សមិទ្ធផល និងវឌ្ឍនភាពនៃវិស័យសុខាភិបាលឆ្នាំ២០១៩ និងបានពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗ ដើម្បីវាយតម្លៃវឌ្ឍនភាព កំណត់បញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ ក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងពង្រឹងប្រព័ន្ធសុខាភិបាលក្នុងឆ្នាំ២០២០ និងឆ្នាំខាងមុខ ឱ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា អង្គសន្និបាតបានធ្កត់សម្គាល់ថា សមិទ្ធផល និងវឌ្ឍនភាពដែលវិស័យសុខាភិបាលសម្រេចបាននៅឆ្នាំ២០១៩ គឺអាស្រ័យជាចម្បងដោយរាជរដ្ឋាភិបាលបានរក្សាស្ថេរភាពនយោបាយ សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសការគាំទ្រដ៏រឹងមាំដល់វិស័យសុខាភិបាលរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការជួយឧបត្ថម្ភគាំទ្រយ៉ាងស្វិតស្វាញ និងដោយទឹកចិត្ដស្មោះសរបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរៈជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា និងជាឥស្សរៈជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ។

អង្គសន្និបាតបានកត់សម្គាល់ផងដែរថា សូចនាករសុខភាពមួយចំនួននៃកម្មវិធីសុខភាពបន្តពូជ មាតាទារក កុមារ និងអាហារូបត្ថម្ភ ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈ ត្រូវបានកត់សម្គាល់ដោយវឌ្ឍនភាព។ ជារួមកម្រិតនៃការប្រើប្រាស់សេវាថែទាំសុខភាពបានកើនឡើង ក្នុងនោះការពិនិត្យជំងឺក្រៅ កើនលើសឆ្នាំ២០១៨។ ចំនួនអ្នកជំងឺសម្រាកព្យាបាលកើនលើសឆ្នាំ២០១៨ ធ្វើឱ្យអត្រាប្រើប្រាស់គ្រែទូទាំងប្រទេសខ្ពស់រហូតដល់ ១០៦,៨% នៃចំនួនគ្រែសរុប ១៣.៤៦៤គ្រែ ក្នុងនេះ គ្រែចំនួន ១.៥៨១ ត្រូវបានដាក់បន្ថែម។ រីឯអត្រាស្លាប់នៃអ្នកជំងឹសម្រាកពេទ្យស្ថិតក្នុងកម្រិត ០,៦២% ទាបជាងឆ្នាំ២០១៨ ដែលមានអត្រា ០,៧២%។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានឱ្យដឹងដែរថា អង្គសន្និបាតបានកត់សម្គាល់ពីកម្រិតនៃការពេញចិត្តរបស់អ្នកជំងឺ អតិថិជន ដែលបានមកប្រើប្រាស់សេវាមន្ទីរពេទ្យបង្អែកគ្រប់កម្រិត និងនៅមណ្ឌលសុខភាពទូទាំងប្រទេស លើសពី ៨០% ក្នុងត្រីមាសទីបួនឆ្នាំ២០១៩។ នេះជាសញ្ញាល្អមួយបញ្ជាក់ពីលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់មន្រ្តី បុគ្គលិកសុខាភិបាលគ្រប់ជំនាញ ជាពិសេសគ្រូពេទ្យ ក្នុងការលើកកម្ពស់គុណភាពនៃការគ្រប់គ្រង និងគុណភាពសេវាសុខភាព។

បើតាមលោករដ្ឋមន្ត្រី កំណើននៃការប្រើប្រាស់សេវាសុខភាព មានសង្គតិភាពជាមួយការវិនិយោគធនធានដើម្បីពង្រីកការ គ្របដណ្តប់នៃសេវា និងការកែលម្អគុណភាពសេវា។ ការផ្គត់ផ្គង់ឱសថ បរិក្ខារពេទ្យបានសមស្របតាមតម្រូវការជាមូលដ្ឋាន។

នៅឆ្នាំ២០១៩ ប្រជាជន ៣៨,៥% នៃប្រជាជនកម្ពុជាសរុបត្រូវបានគ្របដណ្តប់ដោយមូលនិធិសមធម៌ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានគភ៌ និងកូនអាយុក្រោមពីរឆ្នាំ ដែលបានចាប់ផ្តើមនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ គឺជាការវិនិយោគដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសុខភាពស្ត្រី និងកុមារ ក្នុងគ្រួសារក្រីក្រ។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ដែរថា ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលពីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ សហគមន៍ ផ្នែកឯកជន ដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល រួមជាមួយវឌ្ឍនភាពនៃវិស័យផ្សេងៗបានផ្តល់នូវកាលានុវត្តភាពដល់វិស័យសុខាភិបាល ក្នុងការលើកកម្ពស់ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋកម្ពុជា ពង្រឹងប្រតិបត្តិការនៃប្រព័ន្ធគាំពារសុខភាពសង្គម និងអភិបាល កិច្ចល្អក្នុងប្រព័ន្ធសុខាភិបាល ជាពិសេស និយ័តកម្មទីផ្សារផលិតផលឱសថ គ្រឿងសម្អាង ផលិតផលចំណីអាហារ ការគ្រប់គ្រងសេវាឯកជន និងកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លង ដូចជាការប្រើប្រាស់ថ្នាំជក់ និងគ្រឿងញៀន។

បើតាមលោករដ្ឋមន្ត្រីអង្គសន្និបាត បានកត់សម្គាល់ដែរថា ទន្ទឹមគ្នានឹងវឌ្ឍនភាពដែលសម្រេចបាន វិស័យសុខាភិបាលនៅជួបប្រទះនឹងបញ្ហាប្រឈមចម្បងមួយចំនួន មានជាអាទិ៍៖ និន្នាការឆ្ពោះទៅកាន់សង្គមដែលមានមនុស្សវ័យចំណាស់កាន់តែច្រើន និងបន្ទុកនៃជំងឺមិនឆ្លង-ជំងឺរ៉ាំរ៉ៃ ការលេចឡើងនៃជំងឺឆ្លងថ្មីៗ និងការងើបឡើងនៃជំងឺឆ្លងដែលធ្លាប់មានបានបង្កើនតម្រូវការប្រើប្រាស់សេវាថែទាំសុខភាព ដែលតម្រូវឱ្យប្រព័ន្ធសុខាភិបាលពង្រឹងសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ ក្រសួងសុខាភិបាល និងអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់នឹងបន្តលើកកម្ពស់ការចូលរួមអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៦ នៃរដ្ឋសភា និងផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីបន្តលើកកម្ពស់អត្ថប្រយោជន៍ផ្នែកសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការប្រព័ន្ធគាំពារសុខភាពសង្គម និងកម្មវិធីជំនួយសង្គមនៅក្នុងបរិបទវិមជ្ឍការ និងវិសហមជ្ឍការ។

លោករដ្ឋមន្ត្រីបន្តថា អន្តរាគមន៍ជាអាទិភាព នឹងផ្តោតជាចម្បងលើការផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយជូនប្រជាពលរដ្ឋកម្ពុជា រួមមានសេវាអប់រំសុខភាព បង្ការ ពិនិត្យពិគ្រោះជំងឺ ការធ្វើរោគវិនិច័្ជយ ផ្តល់ការព្យាបាល ថែទាំ និងស្តារនីតិសម្បទាដែលមានគុណភាព និងប្រសិទ្ធភាព ប្រកបដោយសមធម៌ ព្រមទាំងពង្រឹងការឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈ ជាពិសេសការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺឆ្លងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព តាមរយៈការអនុវត្តសកម្មភាពនៃកម្មវិធីជាអាទិភាព ដូចជា (១) លើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ ផ្តល់វ៉ាក់សាំងបង្ការជំងឺ និងកែលម្អកង្វះ អាហារូបត្ថម្ភ (២) បង្ការ និងគ្រប់គ្រងជំងឺឆ្លងៈ មេរោគអេដស៍/ជំងឺអេដស៍ របេង គ្រុនចាញ់ (ដែលឈានទៅសម្រេចគោលដៅយុទ្ធសាស្រ្តលុបបំបាត់ ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥) គ្រុនឈាម ជំងឺរលាកថ្លើម ជំងឺឆ្លងបណ្តាលមកពីដង្កូវព្រូន ជំងឺហង់សិន ជំងឺឆ្លងដែលលេចឡើង ឬលេចឡើងសារជាថ្មី (៣) បង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងៈ ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម មហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀន បង្ការនិងគ្រប់គ្រងពិការភាពភ្នែក ការចុះខ្សោយគំហើញ និងសោតវិញ្ញាណ ពិការភាព ចាស់ជរាព្យាធិ (៤) បន្ថយកត្តាហានិភ័យ និងកត្តាសង្គមប៉ះពាល់ដល់សុខភាព ដូចជា ថ្នាំជក់/គ្រឿងញៀន គ្រឿងស្រវឹង ចំណីអាហារ អនាម័យ ទឹកស្អាត បង្គន់ប្រើប្រាស់ (៥) បន្ថយផលប៉ះពាល់ដែលបណ្តាមកពីគ្រោះថ្នាក់ចរាចរ និងរបួស ការត្រៀមបម្រុង និងការឆ្លើយតបគ្រោះមហន្តរាយ ហានិភ័យ សុខភាពបរិស្ថាន ការបំពុលបរិយាកាស និងបម្រែបម្រួលអាកាសធាតុ និង (៦) ពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុ ធនធានមនុស្ស ការផ្គត់ផ្គង់ឱសថ បរិក្ខារ សម្ភារៈ ឧបករណ៍ពេទ្យពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងការងារនិយ័តកម្ម៕