(ភ្នំពេញ)៖ ថ្មីម្តងទៀត លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបញ្ជាក់ថា បើទោះបីជាជំងឺកូរ៉ូណាថ្មី ឬ Covid-19 បានផ្ទុះឡើងបង្កឲ្យពិភពលោក ព្រួយបារម្ភក្តី ក៏ជំងឺនេះមិនអាចរារាំងនូវការធ្វើដំណើររបស់ធានាគារ អេស៊ីលីដា ឈានចូលផ្សារភាគហ៊ុនបានឡើយ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកបណ្ឌិត អ៉ិន ចាន់នី ធ្វើឡើងក្នុងឱកាសដែលធនាគារអេស៊ីលីដា រៀបចំកម្មវិធី Roadshow ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួន នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។

លោកបណ្ឌិតលើកឡើងថា ថ្មីៗនេះមានបញ្ហាផ្ទុះឡើងនៃវីរុស Covid-19 តែមិនមានជាបញ្ហាចោទ ចំពោះការបោះផ្សាយលក់មូលបត្រ របស់ធនាគារអេស៊ីលីដាទេ។

លោកបានបញ្ជាក់ថា «កន្លងមកខ្ញុំបានធ្វើដំណើរទៅបរទេស ហើយឃើញថា នៅតាមព្រលានយន្ដហោះ មានភាពស្ងប់ស្ងាត់ ប៉ុន្ដែសម្រាប់កម្ពុជាវិញ មិនមានភាពស្ងប់ស្ងាត់ ដូចប្រទេសដទៃឡើយ ប៉ុន្ដែមិនច្រើនដូចមុន និងមិនតិចដូចប្រទេសដទៃឡើយ។ ដូច្នេះការរៀបចំឲ្យមានដំណាក់កាល ការបង្ហាញព័ត៌មានលម្អិត ការបុកបៀលឌីញ និង IPO នៅក្នុងខែមេសាខាងមុខនេះ គឺយើងបានរៀបចំទុក ដោយមិនបានគិតថា ជំងឺឆ្លងមាននៅក្នុងឆ្នាំនេះទេ ប៉ុន្ដែរាល់ការប្រកបអាជីវកម្ម បើហានីភ័យកើតមានឡើង គឺត្រូវមានមធ្យោបាយ ដើម្បីដោះស្រាយ»

ធនាគារអេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះបានប្រកាសពីការបង្ហាញកម្មវិធីព័ត៌មានលម្អិត (Roadshow) ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។

ធនាគារអេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជទី១ នៅកម្ពុជាដែលនឹងចុះបញ្ជី បោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង ជាសាធារណៈនៅគណៈកម្មការមូលបត្រកម្ពុជា (ផ.ម.ក.)។ ធនាគារគ្រោងនឹងបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិថ្មីចំនួន ៨,៧៥១,៣៩១ភាគហ៊ុន និងភាគហ៊ុនដែលមានស្រាប់ រហូតដល់១៣,១២៧,០៨៦ភាគហ៊ុន ដល់សាធារណជន។

លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងឲ្យដឹងថា ការរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត Roadshow ដើម្បីបង្ហាញដល់វិនិយោគិន អំពីទិដ្ឋភាពទូទៅនៃអាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារ ពេលវេលារំពឹងទុកនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងការរៀបចំខ្លួនរបស់វិនិយោគិន ដើម្បីទិញភាគហ៊ុនរបស់ធនាគារ។

លោកបណ្ឌិត អ៉ិន ចាន់នី បន្ថែមថា ថ្ងៃនេះគឺជាការផ្តល់ព៌ត័មានលម្អិត អំពីការបោះផ្សាយ របស់ធនាគារអេស៊ីលីដា ដើម្បីផ្តល់ព៌ត័មានដល់វិនិយោគិន ដែលចាប់អារម្មណ៍ក្នុងការជួញដូរ។

លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ យើងមានសន្ទុះនៃការវិវត្តជួញដូរច្រើន ហើយនៅដើមឆ្នាំ២០២០ សន្ទុះនៃការជួញដូរនៅតែមាន។

លោក ស៊ូ សុជាតិ បានបន្ថែមថា នៅថ្ងៃនេះធនាគារអេស៊ីលីដា ដែលជាក្រុមហ៊ុនទី៦ ដែលបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ និងជាធនាគារពាណិជ្ជទី១ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ បានរៀបចំកម្មវិធី Roadshow របស់ខ្លួន។

លោកបានថ្លែងបន្ដថា «យើងពិតជាអបអរសារទរ ចំពោះវត្តមានរបស់ធនាគាអេស៊ីលីដា ក្នុងការសម្រេចចិត្តបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជា ហើយក្នុងថ្ងៃរៀបចំកម្មវិធី Roadshow របស់ធនាគារអេស៊ីលីដា ឃើញថាវត្តមានលោក-លោកស្រីដែលជាវិនិយោគិន បានចូលរួមថ្ងៃនេះ មានចំនួនច្រើនលើសពីការរំពឹងទុក ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ របស់ធនាគារអេស៊ីលីដា រួចស្រេចទៅហើយ»