(កំពង់ចាម)៖ យោងតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្ដីពីការដាក់ឲ្យប្រើប្រាស់សៀវភៅគោល ស្ដីពីលំហាត់របៀប សម្រាប់មន្ដ្រី នគរបាលជាតិកម្ពុជា, ការណែនាំរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងបានទទួលការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកវគ្គបំប៉នលំហាត់របៀបថ្មី តាមសៀវភៅគោល សម្រាប់មន្រ្តីនគរបាលជាតិកម្ពុជា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

គោលបំណង នៃការផ្សព្វផ្សាយខ្លឹមសារមេរៀនចំនួន២ រួមមាន៖

*មេរៀនទី១ លំហាត់របៀប៖ ទី១៖ កាយវិការជាមូលដ្ឋាន សម្រាក ប្រុង ឆ្វេងបែរ ស្ដាំបែរ ត្រឡប់ក្រោយបែរ អង្គុយ និងក្រោកឈរ, ទី២៖ កាយវិការឈាន ឈានមុខ ឈានក្រោយ ឈានឆ្វេង ឈានស្ដាំ, ទី៣៖ កាយវិការប្រជុំជួរ ប្រជុំជួរបណ្ដោយ និងប្រជុំជួរទទឹង, ទី៤៖ គោរពគំនាប និងការគោរពទង់ជាតិ, ទី៥៖ ការប្រើឯកសណ្ឋាន កាយវិការគារវកិច្ចសណ្ដាប់ធ្នាប់ ក្នុងពិធីផ្សេងៗ។

*មេរៀនទី២ បទចម្រៀងជាតិ៖ ទី១៖ បទចម្រៀងនគររាជ, ទី២៖ បទពងសាវតាខ្មែរ, ទី៣៖ បទដែនដីខ្មែរ, ទី៤៖ បទនគរបាលជាតិ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានថ្លែងអំណរគុណចំពោះលោក លោកស្រី គណៈស្នងការ នាយនគរបាលជាន់ខ្ពស់ នាយនគរបាល និងមន្ដ្រីនគរបាលខេត្តកំពង់ចាមទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន។

គួរជម្រាបថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាស្នងការដ្ឋានដែលអនុវត្តមុនគេ នូវការបើកវគ្គបំប៉នលំហាត់របៀបថ្មី តាមសៀវភៅគោល សម្រាប់មន្រ្តីនគរបាលជាតិកម្ពុជានេះ៕