(ស្វាយរៀង)៖ ដើម្បីធានាឲ្យបានសុវត្ថិភាព ចំណីអាហារជូនប្រជាពលរដ្ឋ មន្ត្រីសាខាកាំកុងត្រូល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅក្នុងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ដោយរកឃើញគីមីបូរ៉ាក់ចំនួន១គីឡូក្រាម ដាក់ក្នុងបង្អែមបាញ់ឌុក និងនំពា៨គីឡូខូចគុណភាព នំដំឡូងបារាំង២៤កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យ ពីមន្ត្រីជំនាញ បានពិនិត្យគ្រឿងឧបភោគបរិភោគ នៅតាមស្តង់ក្នុងផ្សារ តាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន២៦គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញ ទំនិញមានសារធាតុគីមីហាមឃាត់ នៅនំបង្អែមបាញ់ឌុក ចំនួន១គីឡូក្រាម មានសារធាតុគីមី (Borax) និងនំពារខូចគុណភាព៨គីឡូ និងនំដំឡូងបារំាង២៤កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ហើយមន្ត្រីជំនាញ បានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ យកមករក្សាទុក ដើម្បីដុតកម្ទេចចោល នៅពេលក្រោយ។

នៅក្នុងឱកាសនោះដែរ លោក ផឹង និល ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឲ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួម លើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានជាបន្តបន្ទាប់ បន្ថែមទៀតផងដែរ៕