(កណ្ដាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញអាជ្ញាធរខេត្តកណ្ដាល គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវដាក់ចិត្ត-ដាក់កាយបំរើពលរដ្ឋឲ្យបានល្អ។ ពិសេសត្រូវផ្ដោតសំខាន់ លើការអនុវត្តន៍គោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្តិភាពទាំង ៩ចំណុចឲ្យបានម៉ឺងម៉ាត់ ព្រោះទាំងនេះ សុទ្ធតែនាំមកនូវសុខសន្តិភាព សុវត្ថិភាព ហើយក៏ជាកត្តាជំរុញមួយ នៃសង្វាក់ផលិតកម្មសេដ្ឋកិច្ច ដែលញ៉ាំងដល់ការអភិវឌ្ឍន៍មូលដ្ឋាន អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យមានការរីកចំរើន។

ការជំរុញដល់មន្រ្ដីអាជ្ញាធរខេត្តកណ្ដាលគ្រប់លំដាប់ថ្នាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្តាល និងក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋាន។

ក្នុងនោះក៏មានការចូលរួមពីលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សា, លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត, លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីជុំវិញខេត្តកណ្ដាលជាច្រើនផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច ដែលបានបេ្តជ្ញាចិត្តរួមគ្នា ក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ។

លោកបណ្ឌិត ម៉ៅ ភិរុណ បានសរសើរការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសម្រេចស្នាដៃធំៗជាច្រើន ពិសេសបានឆ្លើយតបទាន់ពេលវេលា តបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងបំរើប្រជាពលរដ្ឋបានយ៉ាងល្អ។

លោកក៏បានលើកទឹកចិត្តដល់គ្រប់មន្ត្រីទាំងអស់ ឲ្យដាក់ចិត្ត-ដាក់កាយ បំរើប្រជាពលរដ្ឋឲ្យរឹតតែល្អប្រសើរទ្វេឡើង ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយ ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធិភាពឆ្លើយតបនឹងតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋ៕