(រតនគិរី)៖ គ្រួសារកម្មករមួយនៅក្រុមហ៊ុន «ហ័ងអាញ់» មានទីតាំងនៅឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវគេចាប់ពង្រត់កូនស្រី ទៅបាត់ជាច្រើនថ្ងៃ និងបានសុំអន្តរាគមន៍សមត្ថកិច្ច ជួយស្វែងរកយុត្តិធម៌។

បើតាមលោក យ៉ាវ យឿង អាយុ៦០ឆ្នាំ និងភរិយាឈ្មោះ ហេង លួន អាយុ៦១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុន ហ័ង អាញ់ ត្រូវជាអាណាព្យាបាលក្មេងស្រីរងគ្រោះ ប្រាប់ឲ្យដឹងថា កូនស្រីគាត់មានឈ្មោះ យឿង ស្រីនិត អាយុ ១៥ឆ្នាំ ត្រូវបានជនសង្ស័យ ឈ្មោះង៉ែត ជាកម្មករក្រុមហ៊ុន ហ័ងអាញ់ដែរ បានពង្រត់កូនស្រីគាត់ ទៅឃុំក្នុងផ្ទះ កាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ មានទីតាំងក្បែរ កន្លែងស្នាក់នៅគាត់ដែរ រួចគាត់បានទូរស័ព្ទទៅលោក គឹម ប៊ុនធឿន មេបញ្ជាការរងអាវុធហត្ថមូលដ្ឋាន ស្រុកកូនមុំ តែលោក គឹម ប៊ុនធឿន ឆ្លើយតបទៅវិញថា ចាំថ្ងៃស្អែកឲ្យកម្លាំងចុះទៅអន្តរាគមន៍។

លុះដល់ថ្ងៃទី២៤ ខែដដែល អត់ឃើញកម្លាំងអាវុធហត្ថ ចុះជួយអន្តរាគមន៍ ពួកគាត់ទាំង២ ក៏បានធ្វើដំណើរមកជួបលោក គឹម ប៊ុនធឿន នៅស្នាក់ការអាវុធហត្ថស្រែពក ប៉ុន្តែពេលជួបនោះ មិនបានដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍ទេ គឺលោក គឹម ប៊ុនធឿន សួរឈ្មោះអាយុគាត់ទាំង២ ហើយប្រាប់ថា ឲ្យជួយគាត់ ២០ម៉ឺនរៀល ដើម្បីចាក់សាំង ចុះធ្វើការរួចត្រឡប់ទៅក្រុមហ៊ុនវិញ។

ដោយមានក្តីអាណិតអាសូរជាពន់ពេក ព្រោះកូនស្រីនៅក្មេងពេក ខ្លាចគេធ្វើបាបនោះ ក្រុមគ្រួសារគាត់ បានទៅលបមើលផ្ទះ ខាងជនសង្ស័យឃើញកូនគាត់ស្នាក់នៅ ទីនោះ ក៏បានទូរស័ព្ទទៅលោក គឹម ប៊ុនធឿន ចូលប្រហែល ៣០ដង ប៉ុន្តែគ្មានអ្នកទទួល។

អាណាព្យាបាលខាងលើបន្តថា ខាងអាវុធហត្ថស្រុកកូនមុំ មានចេតនាមិនជួយអន្តរាគមន៍គ្រួសារគាត់, តាំងពីកូនស្រីគាត់ ត្រូវគេពង្រត់ទៅបាត់នោះ គឺខាងកូនគាត់ទាក់ទង តាមទូរស័ព្ទមកខាងក្រុមគ្រួសារតែម្តងគត់ គឺកាលពីថ្ងៃទី២៧ ខែកុម្ភៈ ដោយខោអាវ ១កំប្លេរ។

អាណាព្យាបាលខាងលើ បានបញ្ជាក់ឲ្យដឹងទៀតថា ពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំង មិនដឹងសុខទុក្ខកូនយ៉ាងណានោះទេ រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ព្រោះជនសង្ស័យ ជាអ្នកញៀនឆ្នាំទៀតផង។

ទន្ទឹមនឹងនេះដែរ ពួកគាត់សុំអន្តរាគមន៍ ទៅសមត្ថកិច្ច មេត្តាជួយស្វែងរកកូនស្រីគាត់, ស្វែងរកយុត្តិធម៌ជូនគ្រួសារគាត់ និងផ្តន្ទាទោសជនសង្ស័យ តាមច្បាប់ឲ្យបានធ្ងន់ធ្ងរ។

ទាក់ទិញទៅនឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះថា គាត់បានហៅមេអាវុធហត្ថស្រុកកូនមុំ ធ្វើរបាយការណ៍, កំណត់ហេតុរួចរាល់ហើយ ព្រមទាំងធ្វើការស្រាវជ្រាវ តាមដានជនសង្ស័យយ៉ាងមមាញឹក ពោលគឺមិនរួចពីសំណាញ់ច្បាប់នោះទេ៕