(ភ្នំពេញ)៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលកាន់តំណែង។

មន្រ្តីជាន់ខ្ពស់ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះថា ការឃាត់ខ្លួននេះ ដឹកនាំដោយ លោកស្រី កែម សុភាព ប្រធាននាយកដ្ឋានស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយ។

លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦។ លោកត្រូវបានផ្ទេរចេញពី តំណែងនេះ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដោយកាន់តំណែងបាន២ឆ្នាំ។

យ៉ាងណាក៏ដោយមន្រ្តី ACU មិនទាន់បញ្ជាក់អំពីព័ត៌មានលម្អិតចំពោះការឃាត់ខ្លួននេះនៅឡើយទេ៕