(ភ្នំពេញ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា លោកស្រី លី អៃឡែន បានអះអាងថា រហូតមកដល់ពេលនេះ មិនមានរកឃើញករណីថ្មីនៃអ្នកកើតជំងឺកូរ៉ូណា ឬ COVID19 នោះទេ។

ក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ស្ដីពីវីរុសកូរ៉ូណា ឬ Covid-19 លោកស្រីតំណាងអង្គការ WHO បានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសកម្ពុជាបានធ្វើតេស្ដទៅលើករណីសង្ស័យជាច្រើន ប៉ុន្ដែយើងមិនទាន់រកឃើញករណីវិជ្ជមានបន្ថែមទៀតនៅឡើយទេ»

ការចេញមកអះអាងរបស់តំណាងអង្គការ WHO នៅពេលនេះ ក្រោយមានការចែកចាយព័ត៌មានបំពុលជាបន្ដបន្ទាប់ នៅតាមបណ្ដាញសង្គម Facebook ថាពលរដ្ឋកម្ពុជា និងជនបរទេសមួយចំនួន កំពុងរស់នៅប្រទេសកម្ពុជា បានផ្ទុកវីរុសកូរ៉ូណា ហើយមានអ្នកខ្លះរហូតដល់ស្លាប់ផងដែរ។ យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល បានចេញមកច្រានចោលជាបន្ដបន្ទាប់ផងដែរ។

បើទោះបីកម្ពុជារកមិនទាន់ឃើញអ្នកផ្ទុកវីរុសនេះថ្មី ក្រៅពីជនជាតិចិនម្នាក់ដែលត្រូវបានព្យាបាលជាសះស្បើយនោះ លោកស្រី លី អៃឡែន បានលើកឡើងទៀតថា អង្គការ WHO បន្ដសហការជាមួយក្រសួងសុខាភិបាលកម្ពុជា និងដៃគូរពាក់ព័ន្ធ បន្ដតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ពោលមិនបណ្ដែតបណ្ដោយនោះទេ។ ប្រសិនបើមានករណីថ្មីកើតឡើង ក៏ក្រសួងផ្សព្វផ្សាយជូនប្រជាពលរដ្ឋផងដែរ មិនលាក់បាំងនោះទេ។

លោកស្រីប្រធានអង្គការ WHO នៅកម្ពុជា ក៏បានអះអាងដែរថា WHO និងក្រសួងសុខាភិបាលកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ នៅពេលខាងមុខ ពិសេសការឆ្លងនៅតាមសហគមន៍តែម្ដង។ ប៉ុន្ដែលោកស្រីសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោក កំពុងតែធ្វើការបន្ដជាមួយក្រសួងសុខាភិបាលកម្ពុជា ក៏ដូចជាដៃគូរអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីពិនិត្យមើលឡើងវិញនៅលើនិយមន័យករណីវីរុសមួយនេះ។

ក្នុងសន្និសីទព័ត៌មានម្សិលមិញនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើតេស្តសំណាកលើមនុស្សទាំងខ្មែរ និងបរទេសចំនួន១៣៥នាក់ តែមិនមានមេរោគ COVID19 នោះទេ។

សូមបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺផ្លូវដង្ហើមបង្កដោយមេរោគ COVID19 មក នៅកម្ពុជា រកឃើញតែមួយករណីប៉ុណ្ណោះ។ មួយករណីនេះរកឃើញលើបុរសជនជាតិចិន មកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ដែលបានចូលមកខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ តែបុរសរូបនេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយបានចាកចេញពីកម្ពុជាត្រឡប់ទៅចិនវិញផងដែរ៕