(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០២០នេះ បានបដិសេធចំពោះការបង្ហោះ Facebook របស់ លោក Som Sovanara ដែលជាសមាជិកក្រុមប្រឆាំង រាជរដ្ឋាភិបាលមួយឈ្មោះ «រណសិរ្យរំដោះជាតិកម្ពុជា» ដែលបានប្រឌិតព័ត៌មានបង្ហោះតាមហ្វេសប៊ុកថាមានអ្នកស្លាប់ដោយជំងឺកូរ៉ូណាថ្មី ឬ Covid-19។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីស្រាវជ្រាវក្រសួងបានរកឃើញថា រូបភាពដែលជនខាងលើយកមកបង្ហោះប្រឌិតព័ត៌មានអំពីជំងឺកូរ៉ូណាថ្មីនោះ គឺជារូបភាពនៃជនរងគ្រោះដែលបានកើតហេតុផ្សេងទៀត តាំងពីឆ្នាំ២០១៩ មកម្ល៉េះ មិនមែនទើបនឹងពេលនេះដោយជំងឺកូរ៉ូណាថ្មីឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមឱ្យចាត់ការតាមច្បាប់ចំពោះការបង្ហោះប្រឌិតព័ត៌មានរបស់ក្រុមខាងលើ។

សូមជម្រាបថា Facebook «Som Sovannara» នេះគឺស្ថិតនៅក្នុងចំណោម គណនី Facebook ចំនួន៧ ដែលធ្វេីសកម្មភាពផ្សព្វផ្សាយបំភ្លៃ បំផុសបំផុលនិងបំភ័យឱ្យមានការយល់យល់ច្រឡំលេីជំងឺ COVID19 នៅកម្ពុជា ដែលក្រសួងព័ត៌មាន បានស្នេីឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គណនី Facebook ខាងលើនេះ បានធ្វើសកម្មភាពផ្សព្វផ្សាយបំភ្លៃយ៉ាងផុលផុស ដោយទាញភ្ជាប់ករណីផ្សេងៗកើតមាននៅក្នុងប្រទេសកម្ពុជាថា ជាជំងឺ COVID19 បង្កឱ្យមានការភាន់ច្រឡំជាច្រើនពីអ្នកលេងបណ្តាញសង្គម Facebook។

ក្រសួងសុខាភិបាល បានបញ្ជាក់ហើយថា មកដល់ពេលនេះនៅកម្ពុជាមិនមានករណីជំងឺ COVID19 នោះទេ។ បើទោះបីកម្ពុជាមិនមានឆ្លងជំងឺនេះក៏ដោយ ក៏ក្រសួងបានដាក់ចេញវិធានការជាច្រើន ដើម្បីបង្កា និងការពារកុំឱ្យមានការឆ្លងនៃជំងឺនេះ៕