(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅតាមព្រលានយន្តហោះទាំងអស់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានបំពាក់នូវឧបករណ៍ចាប់កំដៅក្នុងខ្លូន របស់មនុស្សរួចរាល់ហើយ ដើម្បីតាមដានវីរុស កូរ៉ូណា ឬ Covid-19។

ការប្រកាសឱ្យដឹងបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «គ្រប់មាត់ច្រកទាំងអស់ ត្រូវតែបានត្រួតពិនិត្យមនុស្សចេញចូល ប៉ុន្តែក៏សូមបញ្ជាក់ផងដែរ មនុស្សចេញចូល សោកស្តាយប្អូនម្នាក់ ដែលមានក្មួយស្រី ទៅទទួលកូននៅឯព្រលានយន្តហោះពោធិ៍ចិនតុង រួមហើយបែរជាបង្ហោះសារថា កូនស្រីខ្ញុំមកពីរៀនអត់មានអ្នកណាទៅពិនិត្យ ប្រហែលជាប្អូនប្រុសនោះហើយ និងក្មួយស្រីនោះ គាត់គិតថាទាល់តែគេយករបស់ដូចកាំភ្លើងភ្ជុងកំដៅ [...] ក៏ប៉ុន្តែ សូមបញ្ជាក់ណា នៅគ្រប់កន្លែង នៃច្រកចេញចូលទាំងអស់ ស្កេនទាំងអស់ មនុស្សដើរមក គឺថាគេពិនិត្យមនុស្សនៅក្នុងបន្ទប់មួយ ត្រូវចាំ បើសិនប្អូនប្រុស និងក្មួយស្រី ស្តាប់ឮសូមត្រឡប់ទៅពោធិ៍ចិនតុង ហើយខាងផ្នែកចត្តឡីស័ក្តរបស់ក្រសួងសុខាភិបាល គម្បីអនុញ្ញាត»

ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ សែន បានបន្ថែមទៀតថា ផលប៉ះពាល់អំពីសេដ្ឋកិច្ច បានចាប់ផ្តើមអង្រួនសេដ្ឋកិច្ចពិភពលោក ដោយសារតែវីរុស កូរ៉ូណា ឬ Covid-19 នេះ ហើយទីផ្សារនៅគ្រប់ទ្វីបទាំងអស់ គឺគ្មានទីផ្សារណាមួយកើនឡើងនោះទេ មានតែដាំក្បាលចុះទាំងអស់ សង្វាក់ផលិតកម្មមួយចំនួនត្រូវបានបិទតែម្តង ព្រោះវត្ថុធាតុដើមមួយចំនួនត្រូវបាននាំចេញពីប្រទេសចិន។ ហើយបើនិយាយនៅវត្ថុធាតុដើមលើវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាវិញ មានចំនួន៦០ភាគរយ បាននាំចូលពីប្រទេសចិន ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែង ដោយយោងតាមទិន្នន័យរបស់អង្គភាពពិភពលោកឱ្យដឹងថា ក្នុងមួយឆ្នាំមនុស្សលើពិភពលោកមិនតិចជាង ២៥ម៉ឺននាក់ទេ ដែលស្លាប់ដោយសារជំងឺផ្តាសាយធំ ដូច្នេះ ត្រូវតែខិតខំរកវិធី ដើម្បីការពារ ហើយបច្ចុប្បន្ននេះ មិនទាន់ប្រកាសឱ្យសាលារៀនណាមួយត្រូវបិទទ្វារនោះទេ ក្នុងពេលដែលបណ្តាប្រទេសមួយចំនួនបានបិទសាលារៀនបណ្តុះអាសន្នជាដើម។

ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែលថា ដោយឡែកមានបណ្តាប្រទេសមួយចំនួន បានអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួន ធ្វើការងារនៅតាមផ្ទះរៀងៗខ្លួន ដើម្បីការពារវីរុស កូរ៉ូណា ឬ Covid-19 ហើយមានសាកលវិទ្យាល័យមួយចំនួន នៅក្នុងប្រទេសចិន បានអនុញ្ញាតឱ្យនិស្សតិរៀនតាម Online រួមទាំងនិស្សិតខ្មែរមួយចំនួនដែលបានមកចូលឆ្នាំចិននៅកម្ពុជា ក៏ត្រូវបានអនុញ្ញាតដែលរៀននៅក្នុងប្រទេសចិន ក៏ត្រូវបានអនុញ្ញាតឱ្យរៀនតាម Online ផងដែរ។

ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យនិស្សិតខ្មែរដែលបានសិក្សានៅប្រទេសចិន ឱ្យរៀនតាម Online នេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានក្រើនរំលឹកដល់ក្រសួងអប់រំ យុវជន និងកីឡា ទៅលើចំណុចនេះ ដើម្បីធ្វើយ៉ាងណាកុំឱ្យរាំងស្ទុះដល់ការសិក្សារបស់និស្សិតខ្មែរ ដែលបានបន្តសិក្សានៅក្នុងប្រទេសចិន។ ចំណែកប្រទេសកម្ពុជា មិនទាន់កើតមានឡើងនូវបញ្ហានានា ដែលបង្កឱ្យមានផលលំបាកដោយសារតែវីរុស Covid-19 នេះនៅឡើយទេ ហើយការជុំជួបគ្នាណាមួយត្រូវតែធ្វើ ដោយមិនមានការបំបែកលើការជួបជុំគ្នានោះទេ ក៏ប៉ុន្តែ សូមប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន៕