(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជាឲ្យចេះការពារខ្លួន ដើម្បីទទួលបានសុខភាពល្អ ប្រសើរជាជាងការភ័យខ្លាច។

ការអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ ក្នុងនោះនារី៦១៦នាក់ បន្ទាប់ពីពួកគេ បានបញ្ចប់ការសិក្សា ដោយជោគជ័យ ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ។

ថ្លែងក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «វិធីដែលល្អ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្ដអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង ចាប់ផ្ដើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ត្រូវតែការពារខ្លួន»

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «ជម្រើសនៃការភ័យខ្លាច គឺមិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហាន នៅក្នុងការការពារខ្លួន ទើបជាជម្រើសដែលល្អ...គ្មាននរណា ទៅដុតសាប៊ូលាងដៃ ជំនួសយើងទេ វាទាល់តែយើងម្នាក់ៗ គឺខិតខំការពារដោយខ្លួនឯង»

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ម៉ាស់ប្រើនៅពេលដែលចាំបាច់ បើចាំបាច់ចាំប្រើ បើមិនចាំបាច់ទេ មិនចាំបាច់ប្រើទេ។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ផលប៉ះពាល់ដោយជំងឺ COVID19 មានទំហំធំធេងណាស់។

សូមបញ្ជាក់ថា ជំងឺកូរ៉ូណាថ្មី COVID19 បានឆ្លងរីករាលដាល កាន់តែខ្លាំងទៅកាន់ប្រទេស មួយចំនួនថែមទៀត ក្នុងនោះ មានប្រទេសកូរ៉េខាងត្បូង ប្រទេសអ៊ីតាលី និងប្រទេសអ៊ីរ៉ង់ជាដើម។

នៅក្នុងប្រទេសកម្ពុជា បានរកឃើញការឆ្លងមួយករណី នៅលើខ្លួនជនជាតិចិនម្នាក់ ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយជនជាតិចិនម្នាក់នោះ ត្រូវបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាត ឲ្យចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនវិញ កាលពីដើមខែកុម្ភៈផងដែរ។

យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ មិនទាន់មានករណីឆ្លងជំងឺកូរ៉ូណាថ្មី ថែមទៀត នៅក្នុងប្រទេសកម្ពុជាឡើយ។ នេះបើតាមការប្រកាស របស់ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអះអាងថា នឹងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងការរីករាលដាល នៃជំងឺកូរ៉ូណាថ្មី៕