(ឡុងដ៍)៖ នៅថ្ងៃសុក្រនេះ ករណីអ្នកឆ្លងជំងឺ COVID-19 ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងប្រទេសវែលស៍ (Wales) ខណៈ ដែលករណីឆ្លងចំនួន២ថ្មី ត្រូវបានរកឃើញនៅប្រទេសអង់គ្លេស។ ប្រការនេះធ្វើឲ្យចំនួនករណីសរុបនៅទូទាំង ចក្រភពអង់គ្លេស កើនដល់១៩នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងចំណោមករណី៣ថ្មីខាងលើ មនុស្ស២នាក់នៅអង់គ្លេសបានឆ្លង COVID-19 ពេលនៅក្នុងប្រទេសអ៉ីរ៉ង់ រីឯម្នាក់ដែលរកឃើញ នៅវែលស៍ បានឆ្លងនៅក្នុងប្រទេសអ៉ីតាលី។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសអៀរឡង់ខាងជើង ក៏ទើបតែបានប្រកាសពី ការរកឃើញករណីដំបូងនៃអ្នកមាន COVID-19 នៅក្នុងប្រទេសខ្លួនផងដែរ។

គួរជម្រាបថា នាពេលនេះ ក្នុងចំណោមប្រទេសទាំង៤នៃចក្រភពអង់គ្លេស គឺមាន៣ប្រទេសហើយ ដែលបានរកឃើញអ្នកឆ្លងជំងឺ COVID-19 នៅឡើយតែស្កុតឡែនប៉ុណ្ណោះ ដែលមិនទាន់មាន៕