(ភ្នំពេញ)៖ ដើម្បីបន្ថែមទៅលើការការពារ ទប់ស្កាត់ ការរាតត្បាតពីការចម្លង វីរុសផ្លូវដង្ហើម COVID-19 ដែលកំពុងផ្ទុះឡើង និងវិវឌ្ឍយ៉ាងឆាប់រហ័សនៅលើសកលលោក នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅត្រួតពិនិត្យដោយផ្ទាល់នូវការការពារនៅតាមច្រកចេញចូល នៅអាកាសយាន្ដដា្ឋនអន្ដរជាតិភ្នំពេញ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងថា «បន្ទាប់ពីវីរុស COVID-19 នៅតែបន្ដរាតត្បាតយ៉ាងលឿននៅលើសកលោក ជាពិសេសនៅប្រទេសកូរ៉េ អ៊ីតាលី និងបណ្ដាប្រទេសមួយចំនួនទៀត ក្នុងតំបន់ ក្រោមការយកចិត្ដទុកដាក់ខ្ពស់ពី រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នឹងដាក់បន្ថែមនូវម៉ាស៊ីនស្កេនកំដៅបន្ថែមទៀត ទៅលើច្រកជើងហោះហើររបស់កូរ៉េ-កម្ពុជា ដែលមួយយប់មានពីរជើង គឺនៅម៉ោង១០យប់ និងកណ្ដាលអត្រា»

លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ទោះមកទល់នឹងពេលនេះ ក្រសួងសុខាភិបាល មិនទាន់រកឃើញថា មានពលរដ្ឋកម្ពុជាយើងណាម្នាក់ឆ្លងនូវវីរុស COVID-19 នៅឡើយក៏ដោយ ក៏មន្ដ្រីរបស់យើងមិនធ្វេសប្រហែសឡើយ គឺនៅតែបន្ដសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាធ្វើកិច្ចការងារនេះ យ៉ាងយកចិត្ដទុកដាក់ខ្ពស់បំផុត ។ ជាពិសេស ធានានូវការត្រួតពិនិត្យ តាមដានស្ថានភាពអ្នកធ្វើដំណើរដោយការមកកម្ពុជាយើង»

សូមជម្រាបថា ក្រោមការយកចិត្ដទុកដាក់របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល គ្រាន់ថ្ងៃដំបូងដែលអង្គការសុខភាពពិភពលោក បានប្រកាសពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមនេះភ្លាម ក្រសួងបានដាក់ម៉ាស៊ីនស្កេនកំដៅភ្លាម នៅតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យ ដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិនីមួយៗ។

លើសពីនោះ ក្រសួងក៏បានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផងដែរ តាំងពីដើមខែមករាមកម៉្លេះ និងបានចុះមកពិនិត្យ និងបណ្ដុះបណ្ដាលដល់មន្ដ្រីខ្លួនពីរបៀបការពិនិត្យថែទាំ និងព្យាបាលវីរុស COVID-19 នេះផងដែរ។

ក្នុងឱកាសចុះទៅពិនិត្យផ្ទាល់សកម្មភាពបង្ការជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី (COVID-19) លោកស្រីរដ្ឋលេខាធិការ ក៏បានជំរុញដល់មន្ដ្រីរបស់ខ្លួន ត្រូវបន្ដបំពេញការងារយ៉ាងយកចិត្ដខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងការចម្លងវីរុសនេះ ចូលមកកម្ពុជា ហើយមានករណីសង្ស័យ ត្រូវចាត់ចែងទៅតាមការងារ ដែលបានត្រៀមរួចជាស្រេចនោះ។

ទន្ទឹមនោះនឹង លោកស្រី យក់ សម្បត្ដិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដប្រុងប្រយ័ត្នខ្ពស់ពីវីរុសដោយមិនត្រូវធ្វេសប្រហែសឡើយ តែក៏មិនត្រូវភិតភ័យពេក និងត្រូវពិចារណាមុននឹងជឿទៅលើព័ត៌មានផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា ដែលធ្វើឱ្យចលាចល អាចបណ្ដាឱ្យគ្រោះថ្នាក់ជីវិតដល់ខ្លួនផងដែរ បើមានករណីសង្ស័យ សូមទំនាក់ទំនងទៅលេខ ១១៥ ដោយឥតគិតថ្លៃ ទោះក្នុងទូរស័ព្ទមិនមានលុយ ក៏អាចទាក់ទងចូលដែរ។

ជាពិសេស សូមប្រជាពលរដ្ឋ ត្រូវអនុវត្ដនូវវិធានការការពារសុខភាពលោកអ្នកពីវិរុស COVID-19នេះ តាមរយៈសារអប់រំសុខភាពចំនួន ១១ចំនុច ដែលក្រសួងសុខាភិបាល បានប្រកាសជូនកន្លងមកនេះ។ នៅពេលដ៏ឆាប់ខាងមុនេះ ក្រសួង នឹងចេញផ្សាយនូវឃ្លីបវីដេអូអប់រំចំនួន៣ទៀត ដែលនិយាយជាភាសាខ្មែរ និងរត់អក្សរខាងក្រោមវីដេអូ ជាភាសាអង់គ្លេស និងចិន ដែលពលរដ្ឋគ្រប់ជាតិសាសន៍ អាចមើល និងស្ដាប់បានទាំងអស់។

វីដេអូអប់រំទំាង៣នេះ និយាយអំពី៖

១៖ ការធ្វើអនាម័យដោយសម្អាតដៃជាមួយសាប៊ូ ឬទឹកអាកុលឱ្យស្អាត មុន និងក្រោយបរិភោគ និងចាប់ផ្ដើមធ្វើកិច្ចការអ្វីមួយ

២៖ ការស្វែងយល់ពីប្រភេទព័ត៌មានពិត ឬមិនពិត

៣៖ ការសម្រេចចិត្ដធ្វើដំណើរ ឬអត់ ពេលមានការសង្ស័យឆ្លង វីរុស COVID-19