(ព្រៃវែង)៖ ក្រោយពីមានការផ្សព្វផ្សាយ ជាពិសេសទៀតនោះ បងប្អូនប្រជាពលរដ្ឋដែលមកទស្សនានៅទីនោះ បានថតផុសផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក ពីមួយទៅមួយ ទើបធ្វើឱ្យមានការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ជំរុញឲ្យពួកគាត់អញ្ជើញមកទស្សនានៅតំបន់អភិរក្សបឹងស្នេហ៍ទួលព័ន្ធតាឡី ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានចម្ងាយពីទីរួមខេត្តជាង ២០គីឡូ។

តំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡីនេះ មានទំហំដីជាង ៨២ហិកតា ហើយមានសត្វជាច្រើនប្រភេទ ដែលកំពុងតែបង្ហាញខ្លួន ដល់បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកទស្សនាយ៉ាងច្រើន ដែលមើលទៅច្រាលភ្នែកតែម្តង ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកនោះ ពួកគាត់មិននឹកស្មានថា នៅក្នុងតំបន់នេះមានសត្វច្រើនយ៉ាងដូច្នេះនោះទេ។

លោក ប៉ាន់ យន ប្រធានសហគមន៍នៅតំបន់បឹងស្នេហ៍ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តំបន់អភិរក្សបឹងស្នេហ៍ទួលពាន់តាឡីនេះ បាននិងកំពុងបង្ហាញខ្លួនដល់ភ្ញៀវទេសចរជាតិ ដែលគាត់អញ្ជើញមកទស្សនា ហើយក៏ជាផ្នែកមួយក្នុងការផ្ដល់នៅសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋដែលគាត់ស្ថិតនៅក្នុងតំបន់នោះ ក្នុងការប្រកបមុខរបររកស៊ីលក់ដូរមុខទំនិញផ្សេងៗ សម្រាប់តម្រូវបម្រើតម្រូវការ របស់ភ្ញៀវទេសចរជាតិ ដែលអញ្ជើញមកទស្សនានៅតំបន់បឹងស្នេហ៍ទួលពាន់តាឡីនេះ ជាការកាត់បន្ថយភាពក្រីក្រមួយចំណែករបស់បងប្អូនប្រជាពលរដ្ឋនោះផងដែរ។

នៅក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋដែលគាត់អញ្ជើញមកទស្សនានៅតំបន់អភិរក្សបឹងស្នេហ៍ បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយ ហើយការស្មុគស្មាញផ្លូវចិត្តត្រូវបានហើរទៅតាមវោយោ ក្រោយបានគយគន់សត្វជាច្រើន កំពុងតែមកពពាក់ពពូនរស់នៅលើដីទួលនេះ។

លោក ប៉ាន់ យន ក៏បានលើកឡើងដែរថា ជារៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ គឺសម្បូរភ្ញៀវមកទស្សនាច្រើនមែនទែនដោយពេលខ្លះស្ទើរតែរកកន្លែងចតរថយន្តមិនបាន ខ្វះទូកសំរាប់ដឹកភ្ញៀវទៅ ទស្សនានោះទៀតផង។ នៅក្នុងនោះដែរ លោកក៏សូមសំណូមពរដល់បងប្អូនភ្ញៀវទេសចរណ៍ ដែលគាត់អញ្ជើញមកទស្សនានៅទួលពាន់តាឡី ដែលជាតំបន់អភិរក្សសត្វស្លាបនេះ ជួយអភិរក្សទាំងអស់គ្នា ដោយមិនត្រូវបង្កសំឡេងរំខានដល់សត្វ និងមិនត្រូវបរបាញ់សត្វសម្លាប់សត្វនៅនោះទេ។

សូមបញ្ជាក់ថា នៅតំបន់ទួលពាន់តាឡីនេះ កាលពីមុន មិនសូវសម្បូរសត្វប៉ុន្មាននោះទេ គ្រាន់តែវាចេញចូលតែមិននៅជាប់ទេ ទើបតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺថាសត្វបាននាំគ្នាមកនៅតំបន់នេះយ៉ាងច្រើន ដែលធ្វើឲ្យជាទស្សនីយភាពមួយដ៏ទាក់ទាញសំរាប់ភ្ញៀវជាតិ ដែលគាត់អញ្ជើញមកទស្សនានៅក្នុងតំបន់នោះ៕