(កំពង់ស្ពឺ)៖ ស្រ្តី អ៊ុន សុខឡា បានប្រកាសស្វែងរកប្អូនស្រីឈ្មោះ អ៊ុន ស្រីម៉ៅ អាយុ២៧ឆ្នាំ សំបុរខ្មៅស្រអែម កម្ពស់ប្រហែល១.៤៥ម៉ែត្រ កាត់សក់ដូចប្រុស ព្រមទាំងមានបញ្ហាផ្នែកស្មារតី អស់រយៈពេលជាង ២ឆ្នាំមកហើយ។ មុនបាត់ខ្លួន ប្អូនស្រីរបស់គាត់ បានស្លៀកខោកៅស៊ូជើងធំ ផ្កាពណ៌ក្រហម និងអាវយឺតពណ៌ត្នោត។ ស្រីម៉ៅ បានបាត់ខ្លួនពីចំណុចវត្តភ្នំព្រះ នៅចន្លោះម៉ោងប្រហែល ៣ទៅ ៤ទាបភ្លឺថ្ងៃសុក្រទី១៧ ខែមករា ឆ្នាំ២០២០។

បើតាមការសាកសួរប្អូនស្រី បានដើរដោយថ្មើរជើងទាំងយប់ លើចម្ងាយដីប្រហែល ១០គីឡូម៉ែត្រ ដែលសងខាងផ្លូវមានតែព្រៃ និងចម្ការស្វាយ ពុំសូវមានផ្ទះអ្នកស្រុកឡើយ។ ស្រីម៉ៅបានដើរចេញពីចំណុចវត្តភ្នំព្រះ មកដល់ភូមិពាណិជ្ជ ឃុំយីអង្គ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ហើយបាត់ដំណឹង រហូតមកទល់បច្ចុប្បន្ន។

ស្រីម៉ៅ មានស្រុកកំណើតនៅភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបងប្អូន ៧នាក់ (ស្រី៤នាក់) និងមានឪពុកម្តាយជាកសិករ។ ស្រីម៉ៅជាកូនទី៦ នៅក្នុងគ្រួសារ ដោយសារតែគ្រួសារគ្មានលទ្ធភាព ផ្តល់ប្រាក់ឲ្យរៀនសូត្រ ស្រីម៉ៅ បានស៊ីឈ្នួលលក់នំ នៅផ្ទះអ្នកជិតខាង ដើម្បីយកលុយផ្គត់ផ្គង់ការរៀនសូត្រ តាំងពីថ្នាក់បឋមសិក្សារហូតដល់ចប់ថ្នាក់ទី១២ និងខំប្រឹងរហូតរកបានការងារមួយ ក្នុងនាមជាបុគ្គលិកបណ្តែតនៅសាលាខេត្តកំពង់ស្ពឺ។

ប៉ុន្តែជាអកុសល ស្រីម៉ៅ បានជួបប្រទះបញ្ហាផ្នែកស្មារតី ដោយមិនដឹងមូលហេតុ ក្នុងអំឡុងឆ្នាំ២០១៨ បើទោះបីគ្រួសារខិតខំព្យាបាល តែបានត្រឹមតែធូរមួយកម្រិតប៉ុណ្ណោះ។

ប្រសិនបើបងប្អូន ប្រទះឃើញស្រ្តី ដែលមានភិនភាគដូច ឬស្រដៀងតាមរយៈការរៀបរាប់និងរូបថត សូមមេត្តាផ្តល់ដំណឹងតាមរយៈលេខទូរស័ព្ទ 0៨១ ៣៣៧ ១៣៣ ៕