(ភ្នំពេញ)៖ សាលាភូមិន្ទរដ្ឋបាលរបស់ក្រសួងមុខងារសាធារណៈ បានសហការជាមួយវិទ្យាស្ថានមុខងារសារធារណៈសិង្ហបុរី (CSC) ក្រោមការសម្របសម្រួលពីស្ថានទូតសិង្ហបុរី នាថ្ងៃទី២៨ ខែកុម្ភៈនេះ បានសម្រេចការបណ្ដុះបណ្ដាលដល់មន្ត្រីរាជការកម្ពុជាចំនួន ៤៦នាក់ បន្ថែមទៀត ខណៈកន្លងទៅភាគីទាំងពីរក៏បានបញ្ចប់ការបណ្ដុះបណ្ដាល ដល់មន្ត្រីរាជការកម្ពុជា ជាច្រើននាក់មកហើយដែរ។

ក្នុងពិធីបិទបញ្ចប់វគ្គខាងលើមានការអញ្ជើញជាអធិបតីរបស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល លោក តាន់ ម័យឃើល ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី រាជធានីភ្នំពេញ។

លោក យក់ ប៊ុនណា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៅដល់សិក្ខាកាមជាថ្នាក់ដឹកនាំមកពីគ្រប់ក្រសួង ស្ថាប័ននានា មានលទ្ធភាពកាន់តែប្រសើរក្នុងការដឹកនាំមន្ត្រី និងអង្គភាពនៅក្នុងបរិការណ៍ ដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័សដូចបច្ចុប្បន្ននេះ។

វគ្គបណ្តុះបណ្តាលក៏នឹងផ្តល់នូវឱកាសដល់សិក្ខាកាមជាថ្នាក់ដឹកនាំទាំងអស់ បានជួបជុំគ្នាស្គាល់គ្នាមានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងពីគ្នាទៅវិញទៅមកកាន់តែល្អប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនេះ លោករដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូតសិង្ហបុរី ក្រសួងមុខងារសាធារណៈ និងវិទ្យាស្ថានមុខងារសារធារណៈសិង្ហបុរី និងមូលនិធី Temasek អន្តរជាតិ ដែលបានឯកភាពជួយគាំទ្រទៅលើគម្រោងកសាងក្របខណ្ឌសមត្ថភាព សម្រាប់ថ្នាក់ដឹកនាំជាអគ្គនាយក និងអគ្គនាយករងឲ្យលេចចេញជារូបរាងឡើង និងទទួលបានជោគជ័យ។

លោក យក់ ប៊ុនណា បានបញ្ជាក់បន្តថា សម្រាប់វគ្គបណ្តុះបណ្តាល វេនព្រឹក ចាប់ផ្តើមពីម៉ោង ៨៖៣០ ដល់ម៉ោង ១២៖០០ ដែលបានបញ្ចប់នាពេលនេះ មានសិក្ខាកាមសរុប ៤៩នាក់ ហើយបំពេញគ្រប់លក្ខខណ្ឌទទួលវិញ្ញាបនបត្រចំនួន ៤៦នាក់។

ទន្ទឹមនឹងនេះ នៅក្នុងសប្តាហ៍ទីមួយ (ពីថ្ងៃទី១៧-២១ ខែកុម្ភៈ) សិក្ខាកាម និងសិក្សាអំពី Leading Self, Leading people ជាមួយលោក Lim Peng Soon។ ដោយឡែក នៅក្នុងសប្តាហ៍ទីពីរ (ពីថ្ងៃ២៤-២៨ ខែកុម្ភៈ) សិក្ខាកាមនិងសិក្សាអំពី Leading Organizationជាមួយលោក Christopher Koh ហើយវគ្គបណ្តុះបណ្តាលមានរួមបញ្ចូលទាំងទ្រឹស្តី ការពិភាក្សាក្រុម ការធ្វើបទបង្ហាញ និងគម្រោងដែលត្រូវអនុវត្តនៅតាមអង្គភាព ស្ថាប័ន បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ។

ជាលទ្ធផល សិក្ខាកាមបង្ហាញការពេញចិត្ត និងចំណាប់អារម្មណ៍ខ្ពស់រហូតដល់ ៩៧% សម្រាប់វគ្គបណ្តុះបណ្តាលនេះ។ លោកមានសង្ឃឹមយ៉ាងម៉ុតមាំថា វគ្គបណ្តុះបណ្តាលដែលបានរៀបចំសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់អគ្គនាយក អគ្គនាយករង ដែលមានរយៈពេល២សប្តាហ៍នេះ នឹងអាចបានជាប្រយោជន៍បន្ថែម ជួយទៅដល់សិក្ខាកាមនៅក្នុងក្របខណ្ឌនៃការពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ប្រសិទ្ធភាពនៃសេវាសាធារណៈ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក យក់ ប៊ុនណា និងលោកឯកអគ្គរដ្ឋទូតសិង្ហបុរី ក៏បានចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមជាថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់អគ្គនាយក អគ្គនាយករងមកបណ្តាក្រសួង ស្ថាប័ននានា ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលការអភវិឌ្ឍភាពជាអ្នកដឹកនាំដើម្បីការកែទម្រង់ វេនពេលព្រឹកផងដែរ៕