(រតនគិរី)៖ ស្ត្រីជាភរិយាអ្នកលេងបណ្តាញសង្គម Facebook បានស្លាប់ក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយសារក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។ នេះតាមការឲ្យដឹងពីលោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយសាររូបគាត់មានជំងឺរ៉ាំរ៉ៃ គឺបេះដូង និងសួត។

លោកថា ស្ត្រីរងគ្រោះមានឈ្មោះ ស៊ាង អេន អាយុ៤១ឆ្នាំ មានទីលំនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី បានចូលមកសម្រាកព្យាបាលនៅវេលាម៉ោង១៤៖៤៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ រួចក្រុមគ្រូពេទ្យបានបូមឈាមយកទៅវិភាគនៅមន្ទីរពិសោធ,ថ តសួត បេះដូងឃើញថា ស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរ បានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ រហូតដល់ម៉ោងជាង ៩អ្នកជំងឺធ្វើទុក្ខកាន់តែខ្លាំងលុះដល់ម៉ោង ២២៖១៥នាទី គាត់ក៏បានស្លាប់ដោយគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន។

លោកវេជ្ជបណ្ឌិត ហ៊ីង ផានសុគន្ធា បញ្ជាក់ឲ្យដឹងទៀតថា កន្លងមក ស្ត្រីរងគ្រោះធ្លាប់ចូលមកពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកបរកែវចំនួន ៣ដង និងមន្ទីរបង្អែកខេត្តរតនគិរីចំនួន ៣ដង និងបានទៅពិនិត្យសម្រាកព្យាបាលនៅកន្លែងផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ការចេញមកបញ្ជាក់ខាងលើនេះ បានធ្វើឡើងក្រោយណពេលអ្នកលេងបណ្តាញសង្គម Facebook ម្នាក់ឈ្មោះ «អធិរាជមហាសាច់» បានបង្ហោះថា «មន្ទីពេទ្យបង្អែកខេត្តរតនគិរី លោកឯងចាក់ថ្នាំអីឱ្យប្រពន្ធខ្ញុំ ហេតុអីស្លាប់លឿនម៉្លេះ មុនពេលស្លាប់ ៣ម៉ោង និយាយជាមួយខ្ញុំឱ្យកកោក ៣ម៉ោង ក្រោយមនុស្សស្លាប់ តើលោកឯងចាក់ថ្នាំអី»។

ទាក់ទិនទៅនឹងករណីស្ត្រីស្លាប់ក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនេះដែរ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ថា លោកបានកោះប្រជុំក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រួចពិនិត្យឃើញថា ពួកគាត់ខិតខំអស់កម្លាំងកាយចិត្តដើម្បីសង្គ្រោះ ប៉ុន្តែស្ថានភាពជំងឺធ្ងន់ធ្ងរពេក ពោលគឺគ្មានការធ្វេសប្រហែសនោះទេ គឺបំពេញតាមបច្ចេកទេសជំនាញរៀងៗខ្លួន។

លោកថា នៅព្រឹកមិញនេះក្រុមការងារមន្ទីរសុខាភិបាលខេត្តរតនគិរី បានចុះសួរសុខទុក្ខដល់ក្រុមគ្រួសារ នៃសព ដល់លំនៅឋានពួកគាត់ ដោយសម្តែងក្តីអាណិតអាសូរជាពន់ពេក៕