(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញសម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តសង្កែ ភូមិតាជោ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ និងបានសុំបិណ្ឌបាត និងណែនាំ ព្រះសង្ឃ គ្រហស្ថ និងប្រជាពលរដ្ឋ ចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់ នៃការសេពគ្រឿងញៀន។

ពិធីនេះក៏មានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១៥០០នាក់។

អភិបាលខេត្ត បានកោតសសើរ អំណរព្រះគុណព្រះតេជគុណព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជា ពុទ្ធបរិស័ទ្ធចំណុះជើងវត្តជាពិសេសឧបាសក នួន សំអ៊ាន និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមកសាងទីអារាមព្រះវិហារ និងសមិទ្ធផលផ្សេងៗទៀត នៅក្នុងវត្តសង្កែ ដោយបានចំណាយថវិកាសាងសង់យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណ ៣២៨.៧៥០ដុល្លារ ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។

លោកបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឲ្យ ប្រជាពលរដ្ឋយើងមានជីវភាពធូរធា ឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលទ្ធភាព កាន់តែខ្ពស់នៅក្នុងការចូលរួមចំណែកកសាងសមិទ្ធផល នានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ជាក់ស្ដែងសមិទ្ធផលជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេណវត្តសង្កែយើងនេះ គឺទទួលបានពីការចូលរួមវិភាគទាន ដែលជាសិល្បៈនៃការចែករំលែករបស់ សប្បុរសជន និងពុទ្ធបរិស័ទ។

លោកបន្ថែមថា ភ្ជាប់ជាមួយនឹងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារ និងសមិទ្ធផលនានានៅពេលនេះ សូមអំពាវនាវនូវបញ្ហាសំខាន់ៗមួយចំនួនដូចតទៅ៖

*ទី១ ៖ សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ
*ទី២ ៖ សូមបងប្អូន បន្តរួមគ្នាការពារឲ្យបានសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
*ទី៣ ៖ សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាន នៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង
*ទី៤ ៖ អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវខិតខំថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ តាមរយៈគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
*ទី៥ ៖ ទន្ទឹមនេះ ចំពោះករណីជំងឺឆ្លងជាសាកល ដូចជាជំងឺ ខូវីដ ១៩ ដែលមានប្រភពពីប្រទេសចិន និងជំងឺផ្ដាសសាយបក្សីដែលកំពុងផ្ទុះឡើងនៅប្រទេសវៀតណាម សូមស្នើដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តវិធានការបង្ការ ទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់ម៉ត់ចត់ និងផ្សព្វផ្សាយពីវិធានការការពារឲ្យបានផុលផុសដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវ មានការប្រុងប្រយ័ត្ន រក្សាអនាម័យខ្លួនប្រាណ លាងសម្អាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ មុននិងបរិភោគ ឬបន្ទាប់ពីប៉ះពាល់ជាមួយ សត្វបក្សី និងចម្អិតអាហារឲ្យបានឆ្អិនល្អ៕