(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard បានដាក់ដំណើរការ សាកល្បងប្រព័ន្ធ 5G ក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅការិយាល័យកណ្តាលរបស់ខ្លួន។

ក្នុងពិធីនោះ ក៏មានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ រួមមាន៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនសែលកាត, លោក ខាន់ សារ៉ាក់ រដ្ឋលេខាធិការប្រចាំការ, លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ, លោក ជា ម៉ានិត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តី, លោក ម៉ៅ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោករដ្ឋមន្ដ្រី ត្រាំ អ៊ីវតឹក បានលើកឡើងថា លោកពិតជាមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយដំណើរវិវត្តន៍ នៃគម្រោងបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយគាំទ្រដល់គំនិតផ្តួចផ្តើម នៃគម្រោងសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ត្រាំ អ៊ីវតឹក បានបញ្ជាក់ថា «5G នឹងក្លាយជាបច្ចេកវិទ្យាឈានមុខគេ ក្នុងការជួយជំរុញសេដ្ឋកិច្ច ប្រទេសកម្ពុជា»

លោករដ្ឋមន្ដ្រីបន្ដថា ទន្ទឹមនឹងនោះ យើងក៏ត្រូវត្រៀមខ្លួន ឲ្យបានរួចរាល់ ដើម្បីចាប់យករាល់អត្ថប្រយោជន៍របស់វា និងធានាថា បច្ចេកវិទ្យានេះ ពិតជាជួយជំរុញ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយលើកស្ទួយ ដល់វិស័យឧស្សាហកម្មក្នុងស្រុក និងជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ។

លើសពីនេះទៅទៀត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកឡើងថា យើងចង់ឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅលេចធ្លោ ផ្នែកបច្ចេកវិទ្យា 5G នៅក្នុងតំបន់អាស៊ាន និងសម្រាប់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងចង់ក្លាយ ជាអ្នកឈានមុខគេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងប្រតិភូ ក៏បានអញ្ជើញទស្សនាបទបង្ហាញ ដោយផ្ទាល់នូវការធ្វើតេស្តបច្ចេកវិទ្យា 5G នៅក្រុមហ៊ុនសែលកាត ដោយលទ្ធផលធ្វើតេស្ត បានបង្ហាញនូវកម្រិតល្បឿនអ៊ីនធឺណិត ដ៏លឿនអស្ចារ្យ រហូតដល់ទៅ 1.6 Gbps។

ការធ្វើតេស្តបង្ហាញជូននេះ បានបង្ហាញឲ្យឃើញច្បាស់នូវការត្រៀមលក្ខណៈរួចរាល់ ទៅលើផ្នែកបច្ចេកទេស និងការប្តេជ្ញាចិត្តដ៏មុតមាំ របស់ក្រុមហ៊ុន សែលកាត ក្នុងការនាំយកបច្ចេកវិទ្យាថ្មីនេះ មកបម្រើជូនអតិថិជន នៅក្នុងឆ្នាំ២០២០។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនសែលកាត បានឲ្យដឹងថា លោកពិតជាមានក្តីសោមនស្សរីករាយបំផុត ដែលបានបង្ហាញនូវសមត្ថភាព និងល្បឿនអ៊ីនធឺណិតរបស់បច្ចេកវិទ្យា 5G ជូនដល់លោករដ្ឋមន្រ្តី និងគណៈប្រតិភូទាំងមូល។

អ្នកឧកញ៉ា បានបន្តទៀតថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញនូវការយល់ដឹង និងការប្តេជ្ញាចិត្តរបស់ MPTC ក្នុងការជួយគាំទ្រដល់ការនាំយកបច្ចេកវិទ្យា 5G មកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាឆន្ទៈរបស់ក្រសួង ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករ ទៅលើបដិវត្តឧស្សាហកម្មដ៏ទំនើបអស្ចារ្យមួយនេះ។

អ្នកឧកញ៉ាបន្ដថា នេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី សម្រាប់ក្រុមហ៊ុន សែលកាត និងសម្រាប់ប្រទេសកម្ពុជាទាំងមូល ដោយខណៈនេះក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អាចសម្រេចទស្សនៈវិស័យរបស់ខ្លួន ចំពោះការជួយគាំទ្រប្រទេសកម្ពុជា ក្នុងការចាប់យកអត្ថប្រយោជន៍ដ៏សម្បើមលើសលុប នៃវិស័យឌីជីថល។

គួររំលឹកផងដែរថា ក្នុងអំឡុងខែឧសភា ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ ជាមួយ MPTC លើការសហការ និងការរៀបចំផែនការ សម្រាប់បច្ចេកវិទ្យា 5G និងការអភិវឌ្ឍវិស័យឌីជីថល នៅក្នុងប្រទេសកម្ពុជា៕