(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងនូវការប្តេជ្ញាចិត្ត ពង្រឹងតួនាទីរបស់ខ្លួន ក្នុងការបម្រើសេវាជូនអ្នកវិនិយោគ និងសហគ្រាស ដែលកំពុងមានស្រាប់នៅកម្ពុជា ឲ្យបានល្អ និងឆាប់រហ័ស កុំឲ្យពួកគេដកចិត្តចេញពីកម្ពុជា ទៅរកទីកន្លែងផ្សេង។

ការអះអាងរបស់មន្ត្រីជាន់ខ្ពស់ CDC រូបនេះ ធ្វើឡើងនៅគ្រាដែលស្ថានភាពជំងឺ Covid-19 បានគំរាមកំហែងដល់ការផលិត របស់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែងជើង និងកាបូប និងវិស័យមួយចំនួនទៀត ដែលមានវត្ថុធាតុដើមនាំមកពីប្រទេសចិន និងភាពមិនប្រាកដប្រជាមួយចំនួន ដែលអាចកើតមានឡើងចំពោះកម្ពុជា ចេញពីបច្ច័យមិនល្អ នៃការព្យួរ EBA ជាដើម។

លោក សុខ ចិន្តាសោភា បានថ្លែងថា «ការងារដែលយើងត្រូវធ្វើ គឺបន្តទាក់ទាញវិនិយោគិនថ្មីបន្ថែមទៀត និងបន្តថែរក្សា បម្រើអ្នកបច្ចុប្បន្ន [...] តួនាទីយើងគឺបម្រើអ្នកវិនិយោគ បម្រើសហគ្រាស ធ្វើឲ្យកាន់តែល្អ ឲ្យកាន់តែឆាប់ ដើម្បីឲ្យគេ[អ្នកវិនិយោគ និងម្ចាស់សហគ្រាស] មានពេល មានកម្លាំងទៅដោះស្រាយបញ្ហាផ្សេងទៀត មិនចង់ឲ្យមានទម្ងន់ក្នុងការបំពេញនីតិវិធីរដ្ឋបាលនានានោះទេ»។

ការបញ្ជាក់យ៉ាងដូច្នេះ របស់លោក សុខ ចិន្តាសោភា បានធ្វើឡើងក្រោយសិក្ខាសាលា ស្តីពីនីតិវិធីស្នើសុំនាំចូលទំនិញ បម្រើឱ្យការអនុវត្តគម្រោង វិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នៃប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដើម្បីសម្រួលពេលវេលាឲ្យ នៅកាន់លឿនរហ័ស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា បើទោះបីមានការផ្ទុះឡើងនូវបញ្ហាជំងឺ Covid-19 និងការសម្រេចរបស់ EU ព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA យ៉ាងណាក្តី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗ មកបណ្តាក់ទុន ដូចធម្មតាមិនមានអ្វីស្រកស្រុតនោះឡើយ។

សម្រាប់រយៈពេល២ខែដំបូង ឆ្នាំ២០២០ គម្រោងវិនិយោគថ្មីៗចំនួន៣៧គម្រោង ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ បង្កើតការងារថ្មីជូនពលរដ្ឋរាប់ពាន់កន្លែង៕