(ក្រចេះ)៖ លោក វ៉ា ថន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សាខាខេត្តក្រចេះ និងជាអភិបាលខេត្តក្រចេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំសម្ពន័គ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្រ្តីសុខាភិបាលចំនួន៤៥រូប ចុះពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ចំនួន ៦៩៦នាក់ ដោយឥតគិតថ្លៃ ដែលរស់នៅ ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ដែលប្រព្រឹត្ដទៅនៅបរិវេណសាលាបឋសិក្សាចង្ហប។

លោក វ៉ា ថន បានបញ្ជាក់ថា ក្រុមការងារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជាក្រុមស្ម័គ្រចិត្តបានចុះមកព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃ នៅតាមបណ្ដាទីតាំងផ្សេងទៀតដោយមានគ្រូពេទ្យ ដែលមានជំនាញទាំងនៅក្នុងប្រទេស និងក្រៅប្រទេសផងដែរ ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងយកសេវាព្យាបាលមួយនេះ មកឲ្យកៀកផ្ទះពូកគាត់តែម្ដង ក្នុងការផ្ដល់ភាពងាយស្រួលដល់ពួកគាត់។

លោកបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក ព្រោះបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

លោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យស្រលាញ់សុខភាពជាកត្ដាចម្បង គឺត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះវាមានតម្លៃណាស់ ទោះធ្វើអ្វីក៏ដោយបើសុខភាពចុះខ្សោយ ធ្វើអ្វីក៏មិនបានល្អ និងច្រើនដែរ ត្រូវបរិភោគចំណីអាហារចំអិនឲ្យបានឆ្អិនល្អ ត្រូវលាងដៃឲ្យបានញឹកញាប់។ កត្ដាដូច្នេះហើយ បានជាក្រុមគ្រូពេទ្យ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការចុះជួយពិនិត្យព្យាបាលប្រជាពលរដ្ឋក្រីក្រ ខ្វះលទ្ធភាពនៅតាមជនបទដោយឥតគិតថ្លៃ ហើយនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីព្យាបាលជូនប្រជាពលរដ្ឋ គ្រប់ពេល និងគ្រប់ទីកន្លែង។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា លោករីករាយខ្លាំងណាស់ ដែលបានចូលរួមជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងអាជ្ញធរខណ្ឌរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃដល់ ប្រជាពលរដ្ឋនៅថ្ងៃនេះ ហើយការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ៣៥០នាក់ ជំងឺត្រចៀក ច្រមុះ បំពង់ក ១០២នាក់ ជំងឺភ្នែក ៩៥ នាក់ ជំងឺកុមារ ៣៥០នាក់ ពិនិត្យអេកូសាស្ត្រ ៣៦នាក់៕