(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈនាយឧត្តមសេនីយ៍ ហ្គោរ៉ូ យូអាហ្សា (Goro Yuasa) មេបញ្ជាការកងទ័ពជើងគោកជប៉ុន បានស្នើបានស្នើដល់ លោក ហ្សិនស៊ូ អាបេ (Shinzo Abe) នាយករដ្ឋមន្រ្តីជប៉ុន គាំទ្រដល់សំណើមួយចំនួនរបស់កម្ពុជា។

ការលើកឡើងអំពីសំណើរបស់កម្ពុជានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចតេជោ អនុញ្ញាតឱ្យ នាយឧត្តមសេនីយ៍ ហ្គោរ៉ូ យូអាហ្សា (Goro Yuasa) មេបញ្ជាការកងទ័ពជើងគោកជប៉ុន ចូលជួបដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

តាមប្រសាសន៍ លោក កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យជប៉ុនគាំទ្រដល់សំណើមួយចំនួនដែលពាំនាំតាមរយៈ លោក Goro Yuasa ជូនទៅលោកនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងនេះមាន៖

ទី១៖ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងកងទ័ពមួកខៀវរបស់កម្ពុជា និងកងទ័ពមួកខៀវជប៉ុនដែលប្រទេសទាំងពីរបានធ្វើកិច្ចសហការនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។

ទី២៖ សម្ដេចក៏បានស្នើសុំឲ្យប្រទេសជប៉ុន ចូលរួមបណ្ដុះបណ្ដាលកងកម្លាំងមួកខៀវរបស់កម្ពុជាមុនចេញទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រ ជាជាតិនេះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យជប៉ុនគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនអាស៊ាន ដែលមជ្ឈមណ្ឌលនេះមានទីតាំងនៅកម្ពុជា និងជាមជ្ឈមណ្ឌលមួយមានការបណ្ដុះបណ្ដាលមានបទពិសោធន៍លើការងារដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនអាស៊ាននេះ ក៏ទទួលការបណ្ដុះបណ្ដាលមន្ត្រីនៃបណ្ដាលប្រទេសផ្សេងៗទៀត ដែលគាត់ចង់បានបទពិសោធន៍លើវិស័យនេះ។ ពាក់ព័ន្ធនឹងវិស័យដោះមីននេះកន្លងទៅប្រទេសជប៉ុនក៏បានចូលរួមយ៉ាងសកម្មហើយសង្ឃឹមថា ជប៉ុននឹងបន្តចូលរួមបណ្ដុះបណ្ដាលនឹងឧបត្ថម្ភដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនអាស៊ានបន្តទៀត។

សម្ដេចតេជោ ក៏បានស្នើផងដែរឲ្យជប៉ុនចូលរួមក្នុងការបណ្ដុះបណ្ដាលទៅដល់កងកម្លាំងប្រទេសកម្ពុជាក្នុងក្របខណ្ឌការគ្រប់គ្រងគ្រោះមហន្តរាយដោយសារជប៉ុនមានបទពិសោធន៍ជាច្រើននៅក្នុងប្រតិបត្តិការការគ្រប់គ្រងគ្រោះមហន្តរាយនេះ ដោយសារបច្ចុប្បន្ននេះមានគ្រោះហន្តរាយកើតឡើងយ៉ាងច្រើន។

ជាមួយគ្នានេះ សម្ដេចក៏បានឲ្យជប៉ុនជួយបណ្ដុះបណ្ដាលដល់កងកម្លាំងប្រដាប់អាវុធ ដែលដើរតួនាទីស្នូលក្នុងការជួយសង្គ្រោះក្នុងកាលៈទេសៈ ដែលមានគ្រោះមហន្តរាយកើតឡើង។ ជាក់ស្តែងការដួលរលំអគារនៅខេត្តព្រះសីហនុ និងខេត្តកែបថ្មីៗកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធជាពិសេសបានចូលរួមយ៉ាងសំខាន់ក្នុងតួនាទីស្នូលជួយសង្គ្រោះគ្រោះមហន្តរាយនេះ។ សម្ដេចក៏បានគូសបញ្ជាក់ដែរថាបច្ចុប្បន្នដោយសារប្រទេសកម្ពុជា និងប្រទេសជប៉ុនមានកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលកិច្ចសហប្រតិបត្តិការទាំងនេះពិតជាមានសារៈសំខាន់។

ក្នុងជំនួបនោះ លោកនាយឧត្តមសេនីយ៍ Goro Yuasa បានឆ្លើយតបតាមការស្នើរបស់សម្ដេចតេជោថា នឹងរាយការណ៍ទៅរដ្ឋាភិបាលជប៉ុនពាក់ព័ន្ធនឹងសំណើទាំងនេះ ជាពិសេសសំណើសុំឲ្យជួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាននេះ។ លោកបានគូសបញ្ជាក់ថា កន្លងមកជប៉ុនតែងបានយកចិត្តទុកដាក់ និងចាត់ទុកកម្ពុជាជាប្រទេសមានកិច្ចសហប្រតិបត្តិការការងារវិស័យមីននេះ។

លោកក៏បានជម្រាបជូនសម្ដេចដែរថា នឹងពិចារណាធ្វើការងារនេះ ដោយសហការជាមួយលោក ហ៊ុន ម៉ាណែត ផ្ទាល់តែម្ដង។ ពាក់ព័ន្ធលើវិស័យផ្សេងៗទៀត លោកបានជម្រាបជូនសម្ដេចថា នឹងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលជប៉ុនពិចារណាជួយលើកិច្ចសហប្រតិបត្តិការជាពិសេសការងារកងទ័ពមួកខៀវ ក្នុងការជួយបណ្ដុះបណ្ដាល នៅក្នុងប្រទេសផងក៏ដូចជានៅក្រៅប្រទេសផង។

ពាក់ព័ន្ធនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ លោកបានជម្រាបជូនសម្ដេចថា ជប៉ុនមានគោលបំណង និងពិចារណាជំរុញកិច្ចសហប្រតិបត្តិការនេះជាមួយកងទ័ពជើងគោកកម្ពុជា។ លោកសង្ឃឹមថា ទំនាក់ទំនងប្រទេសទាំងពីរបន្តពង្រីកពង្រឹងលើវិស័យជាច្រើនជាពិសេសលើវិស័យការពារជាតិនេះតែម្ដង។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាក់បន្ថែមដែរថា ទំនាក់ទំនងទ្វេភាគី បច្ចុប្បន្ននេះគឺជាទំនាក់ទំនងមួយដែល ជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងជប៉ុន ហើយដែលគ្របដណ្ដប់ទៅលើវិស័យជាច្រើនរួមទាំងវិស័យការពារជាតិ។ ហើយកន្លងមកកម្ពុជាតែងតែគាំទ្រតួនាទីរបស់ជប៉ុន នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ជាពិសេសប្រតិបត្តិការរក្សាសន្តិភាព ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិនេះជាពិសេសទៀតគឺប្រទេសកម្ពុជា ដែលជាប្រទេសលើកដំបូងហើយដែលប្រទេសជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពប្រទេសជប៉ុនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ មកប្រទេសកម្ពុជាហើយ ដែលបានធ្វើឱ្យប្រទេសជប៉ុន មានតួនាទីកាន់តែសំខាន់ នៅក្នុងក្របខណ្ឌ នៃការរក្សាសន្តិភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិនេះ។

សម្ដេចក៏បានគូសបញ្ជាក់ អំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនេះផងដែរ ហើយជាពិសេសនៅក្នុងក្របខណ្ឌផ្សេងៗទៀតដែលប្រទេសកម្ពុជានិងប្រទេសជប៉ុនតែងតែសហការគ្នា។

សម្ដេចតេជោបានលើកឡើងថា សម្ដេចចង់ឃើញកិច្ចសហប្រតិបត្តិការ ត្រូវបានពង្រីកបន្ថែមទៀតរវាងកងទ័ពនៃប្រទេសទាំងពីរជាពិសេសកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកនៃប្រទេសជប៉ុន ជាពិសេសក្នុងការផ្លាស់ប្ដូរព័ត៌មាន, ការចូលរួមកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាដើម ហើយជាពិសេសទៀតក្នុងការចូលរួមបណ្ដុះបណ្ដាល ដោយសម្ដេចចង់ឃើញប្រទេសជប៉ុនចូ លរួមជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ជាពិសេសធនធានមនុស្សកងទ័ពកម្ពុជាតែម្ដង៕