(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានទទួលអនុសាសន៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជននានា រួមគ្នាដោះស្រាយការលំបាក និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យបន្តមានវឌ្ឍនភាពទៅមុខទៀត ដោយក្នុងនោះក្រសួងបានដាក់ចេញសកម្មភាពចំនួន ៩០ករណី ចេញពីវិធានការគោលសំខាន់ៗ ៤។

វិធានការគោលសំខាន់ៗ ៤ ដែលមានសកម្មភាពអនុវត្ត ៩០ករណីនោះ រួមមាន ៖

* ទី១៖ ជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុងរួមមានទេសចរក្នុងស្រុក និងភ្ញៀវបរទេសនៅក្នុងកម្ពុជា។ អង្គសន្និបាតចូលរួមគាំទ្រការបង្កើត និងអនុវត្តកញ្ចប់ទេសចរណ៍លើកទឹកចិត្ត ដែលមានការសម្រួលថ្លៃកញ្ចប់ទស្សនាទាំងផ្នែកសាធារណៈ និងឯកជន នៅតាមគោលដៅទេសចរណ៍ និងគាំទ្របណ្ណកម្សាន្តក្នុងស្រុកដែលមានតម្លៃសមរម្យ ការបង្កើតព្រឹត្តិការណ៍ និងវិធានការនៃការជំរុញការផ្សព្វផ្សាយយ៉ាងសកម្ម ដោយមានការចូលរួមពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយទាំងអស់។

* ទី២៖ វិធានការជំរុញអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ហេដ្ឋារចនាសម្ពន្ធគាំទ្រ និងសេវាកម្មទេសចរណ៍ឲ្យកាន់តែប្រសើរឡើង ព្រមទាំងជំរុញសកម្មភាពនៃការវិនិយោគទាំងសាធារណៈ និងឯកជន សំដៅពង្រឹងពង្រីក និងធ្វើឲ្យគោលដៅទេសចរណ៍កម្ពុជាកាន់តែរស់រវើកក្នុងក្រសែភ្នែកភ្ញៀវជាតិ-អន្តរជាតិ។

* ទី៣៖ ការទាក់ទាញភ្ញៀវមកពីប្រទេសជិតខាងក្នុងតំបន់ និងអន្តរជាតិដែលមិនទទួលរងការប៉ះពាល់ខ្លាំង (ក្នុងនោះក៏មានពលរដ្ឋខ្មែររស់នៅបរទេស) ដោយវិធានការត្រួតពិនិត្យ ទប់ស្កាត់ បង្ការ និងធានាការទស្សនាដោយគ្មានការភ័យខ្លាច គម្រាមកំហែងពី Covid-19 ឬករណីអវិជ្ជមានផ្សេងទៀត ព្រមទាំងប្រើប្រាស់ឱកាសនៃការទស្សនាទាំងនោះ សម្រាប់ជួយពង្រីកការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដូចការចូលចតពីនាវា Westerdam ដែរត្រូវអនុញ្ញាតចូលកម្ពុជាដ៏មានភាពល្បីល្បាញ។

* ទី៤៖ វិធានការជួយសម្រាលការលំបាកចំពោះឧស្សាហកម្មទេសចរណ៍ ពិសេសនៅខេត្តសៀមរាប ខេត្តព្រះសីហនុ គឺជាការចាំបាច់ និងបន្ទាន់ចំពោះមុខ ដែលអង្គសន្និបាតពេញចិត្តគាំទ្រ និងចូលរួមសហការជំរុញការអនុវត្តជាមួយរាជរដ្ឋាភិបាល។

សូមជម្រាបថា វិធានការ និងសកម្មភាពទាំងនេះ ត្រូវបានលើកឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ៕