(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានតាមបង្ក្រាបជនជាតិនីហ្សេរីយ៉ាម្នាក់ ក្រោយប្រព័ន្ធ Instagram បោកលុយជនរងគ្រោះ។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកទេសវិទ្យា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នាយកដ្ឋានបានទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងករណីឆបោកប្រាក់ តាមបណ្តាញសង្គមអ៊ីនស្តាក្រាម (Instagram) ដោយជនសង្ស័យបាន ឆាតមកសុំរាប់អានជាមិត្តភក្តិ និងនិយាយគ្នាលេង។ បន្ទាប់មក ជននោះបានប្រាប់ខ្លួនថា ថ្ងៃស្អែកជាថ្ងៃបុណ្យកំណើតរបស់គេ ចង់ឱ្យខ្លួនទទួលអីវ៉ាន់ពីគេ ដើម្បីជួយបរិច្ចាគទៅចាស់ជរា និងក្មេងកំព្រា ហើយខ្លួនបានយល់ព្រម។

ជនឆបោកនោះបានផ្ញើរូបភាព មានដូចជា សម្លៀកបំពាក់ ទូរសព្ទដៃ និងប្រាក់មួយចំនួន រួចប្រាប់ខ្លួនថាអីវ៉ាន់ផ្ញើចេញទៅហើយ បន្ទាប់មកក៏មានអ្នកទាក់ទងមកជនរងគ្រោះ ប្រាប់ខ្លួនថា ជាក្រុមហ៊ុនដឹកជញ្ជូន នៅព្រលានយន្ដហោះ មានអីវ៉ាន់ផ្ញើមកពី Dubai ឱ្យខ្លួនមកទទួល ដោយតម្រូវឱ្យបង់ថ្លៃដឹកជញ្ជូន និងថ្លៃសេវារដ្ឋបាល និងយកលេសឱ្យជនរងគ្រោះផ្ញើប្រាក់តាមភ្នាក់ងារវីង ជាបន្តបន្ទាប់ តែមិនឃើញមានសម្ភារផ្ញើមកជនរងគ្រោះទេ។

កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាជនសង្ស័យដកប្រាក់។

បន្ទាប់មក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ១៦៖៤០នាទី កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើប្រតិបត្តិការ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនឈ្មោះ HAMADOU ABDOU សញ្ជាតិនីហ្សេរីយ៉ា ជនជាតិនីហ្សេរីយ៉ា នៅចំណុចមុខផ្ទះ១៣E០ ផ្លូវ១៨៥ ក្រុម០៧ ភូមិ០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងនាំជនសង្ស័យមក កាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕