(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះបានអះអាងថា បើទោះបីមានការផ្ទុះឡើងនូវបញ្ហាជំងឺ Covid-19 និងការសម្រេចរបស់ EU ព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA យ៉ាងណាក្តី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗ មកបណ្តាក់ទុន ដូចធម្មតាមិនមានអ្វីស្រកស្រុតនោះឡើយ។

ការបញ្ជាក់យ៉ាងដូច្នេះ របស់លោក សុខ ចិន្តាសោភា បានធ្វើឡើងក្រោយសិក្ខាសាលា ស្តីពីនីតិវិធីស្នើសុំនាំចូលទំនិញ បម្រើឱ្យការអនុវត្តគម្រោង វិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នៃប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដើម្បីសម្រួលពេលវេលាឲ្យ នៅកាន់លឿនរហ័ស នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកអគ្គលេខាធិការបានអះអាងថា «សម្រាប់ខែមករា និងខែកុម្ភៈដើមឆ្នាំ២០២០នេះ ការវិនិយោគថ្មីៗរបស់កម្ពុជាបន្តបាននូវនិន្នាការល្អ បើទោះបីឮមានភ្លៀងផ្គររន្ទះ [បញ្ហាប្រឈមដោយ Covide-19, EBA និងបញ្ហាសង្គ្រាមពាណិជ្ជកម្ម] ថានឹងមកដល់។ សូមអរគុណ Fresh News និងព័ត៌មានផ្សេងៗទៀត ដែលបានជួយផ្សព្វផ្សាយ ខ្ញុំគ្រាន់តែជម្រាបថា តាមតួលេខរបស់យើង គឺកម្ពុជាបច្ចុប្បន្ននេះ នៅទទួលវិនិយោគមិនតិចជាងមុនទេ»

លោក សុខ ចិន្តាសោភា បញ្ជាក់ថា ការរអាក់រអួលក្នុងសេដ្ឋកិច្ច មានលក្ខណៈជាសកល។ ប្រទេសកម្ពុជាសព្វថ្ងៃនេះ មានការប៉ះពាល់តែវិស័យទេសចរណ៍មួយគត់ ក្រៅពីនោះវិស័យផ្សេងទៀត មិនទាន់មានផលប៉ះពាល់នោះទេ។ ជាមួយគ្នានេះ កម្ពុជាបាននិងកំពុង ធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយមានរោងចក្រផ្សេងៗ ក្រៅពីវិស័យកាត់ដែរ ដូចជាការវេចខ្ចប់ផ្លែស្វាយ ផ្លែចេក និងវិស័យមួយចំនួនទៀត។

សូមជម្រាបថា កាលពីខែមករា ឆ្នាំ២០២០កន្លងទៅនេះ មានគម្រោងវិនិយោគថ្មីៗចំនួន៧គម្រោង ត្រូវបាន CDC អនុម័តឲ្យបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគប្រមាណ៣៣លានដុល្លារអាមេរិក បង្កើតការងារថ្មីជូនពលរដ្ឋរាប់ពាន់កន្លែង។ ដោយឡែកសម្រាប់ខែកុម្ភៈ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ មានគម្រោងវិនិយោគចំនួន៣០ ត្រូវបានអនុម័តមានទុនវិនិយោគជាង៩០០លានដុល្លារ បង្កើតបានការងារថ្មីៗរាប់ពាន់កន្លែង៕