(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអំពាវនាវដល់ស្ថាប័នតុលាការ ឱ្យជួយពន្លឿនការបើកសវនាការ ដើម្បីកាត់ទោសអ្នករកស៉ីគ្រឿងញៀន និងអ្នកពាក់ព័ន្ធ ក្រោយកម្លាំងនគរបាលយុត្តិធម៌បង្ក្រាបបាន។

ការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមជាមួយ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ស្ថាប័នតុលាការ ត្រូវតែកាត់ក្ដីអ្នកដែលពាក់ព័ន្ធការជួញដូរ កែច្នៃគ្រឿងញៀនឲ្យបានត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីផ្ដល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ និងស្ដែងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដែលបានរួមដៃគ្នាបង្ក្រាបទាំងយប់ទាំងថ្ងៃ សំដៅលុបបំបាត់គ្រឿងញៀនក្នុងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបន្ដអំពាវនាវដល់ស្ថាប័នតុលាការ ដើម្បីជំរុញការបើកសវនាការអ្នកដែលរកស៉ីជួញដូរគ្រឿងញៀន អ្នកពាក់ព័ន្ធគ្រឿងញៀនទាំងឡាយដែលយើងបានបង្ក្រាបកន្លងទៅនេះ ឲ្យសមស្របទាន់ពេលវេលា បើមិនដូច្នេះយើងអាចធ្វើឲ្យជះឥទ្ធិពលមិនល្អ ដល់ជំនឿរបស់ប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ»

ជាមួយគ្នានេះ សម្ដេចរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ថា សមត្ថកិច្ចនគរបាលយុត្តិធម៌ ពិសេសក្រសួងមហាផ្ទៃ បានត្រៀមខ្លួនជានិច្ច ដើម្បីសហការជាមួយស្ថាប័នតុលាការ ប្រសិនបើត្រូវការភស្ដុតាងណាមួយ ដើម្បីដាក់បន្ទុកបន្ថែមដល់ជនល្មើសទាំងអស់នោះ។

សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងទៀតថា ក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ សមត្ថកិច្ចរឹបអូសគ្រឿងញៀនបានជាង១តោន ដែលបម្រុងនឹងចែកចាយនៅក្នុងប្រទេសកម្ពុជា។ សម្ដេចអះអាងថា ប្រសិនបើរឹបអូសមិនបានទេ គឺត្រូវប្រើប្រាស់ចែកចាយក្នុងទឹកដីកម្ពុជាមួយផ្នែកធំ និងមួយផ្នែកទៀត ទៅក្រៅប្រទេស។

ព្រមពេលជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រហូតមកដល់ពេលនេះ ជនសង្ស័យ និងជនត្រូវចោទពាក់ព័ន្ធបទល្មើសគ្រឿងញៀន មានការកើនឡើងច្រើន ដែលជាហេតុធ្វើឲ្យជនជាប់ឃុំក៏ច្រើន ខណៈអ្នកជាប់ឃុំសរុបជាង៣ម៉ឺននាក់ ប៉ុន្ដែបានកាត់ទោសរួចរាល់ជាស្ថាពរ មានតែ៨ពាន់នាក់ប៉ុណ្ណោះ ដែលចំនួននេះមិនដល់មួយភាគបីនោះទេ៕