(ភ្នំពេញ)៖ នៅវេលាម៉ោង ១៖១៥នាទីរំលងអាធ្រាត្រថៃ្ងទី២៧ ខែកុម្ភៈ ឆ្នា២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅស្ថិតនៅរោងចក្រផលិតបារី តាមបណ្តោយផ្លូវលំវត្តព្រៃសឺ្ព ភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែត្រូវបានក្រុមជួយសង្គ្រោះជួយបាញ់ពន្លត់ក្នុងរយៈពេលជិត១ម៉ោង ក្រោយពេលឆេះ។

ក្រោយទទួលបានព័ត៌មាននេះ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មការធិការគ្រប់គ្រោះមហន្តរាយ បានដឹកនាំមន្រ្តី និងអាជ្ញាធរមូលដ្ឋានចុះ ពិនិត្យផ្ទាល់ទីតាំងរោងចក្រឆេះ ដែលបណ្តាលឲ្យខូចខាតទ្រព្យសម្បតិ្តយ៉ាងច្រើនផងដែរ។

យោងរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អគាររោងចក្រសាងសង់ពីថ្ម ប្រក់សង័្កសី ទំហំ ៥០ម៉ែត្រ គុណ ៧០ម៉ែត្រ ហើយបានបណ្តាលឲ្យឆេះឃ្លាំងផលិតបារី អស់ចំនួន ១ឃ្លាំង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសង្គ្រោះរួមមាន៖

*រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២០គ្រឿង
*រថយន្តក្រសួងមហាផៃ្ទចំនួន ៣គ្រឿង
*រថយន្តអង្គភាព ៧១១ «ង70» ចំនួន ៣គ្រឿង
*រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង។ សរុបរថយន្តអគ្គិភ័យទាំងអស់មានចំនួន ២៧គ្រឿង។

ពលរដ្ឋដែលមានលំនៅដ្ឋានជិតរោងចក្របានប្រាប់ថា នៅម៉ោងជាង១រំលងអធ្រាត្រ ពួកគាត់បានឃើញអណ្តាតភ្លើងហុយចេញពីក្នុងរោងចក្រមិនបាន ២០នាទីផង ភ្លើងបានឆេះពេញបន្ទុកតែម្តង គួបផ្សំខ្យល់ខ្លាំងទៀត គឺធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំង ហើយឆេះរហូតដល់ដួលរលំអគារនៃរោងចក្រនេះទាំងស្រុង ត្រឹមម៉ោង១៖៥០នាទីរំលងអធ្រាត្រថ្ងៃដដែល។ ករណីឆេះរលំអគារនៃរោងចក្រផលិត បារីនេះ មិនបណ្តាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ នៅក្បែរនោះទេ៕