(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី និងលោកអភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ។

យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងមក ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តខិតខំ ជម្នះពុះពាររាល់ការលំបាកស្មុគស្មាញដោយ អនុវត្តគ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ សង្កាត់ មានសុវត្ថិភាព» កាន់តែល្អប្រសើររក្សាបាននូវ សភាពការណ៍ សន្តិសុខទូទៅល្អក្នុងរាជធានីភ្នំពេញ។

ក្នុងនោះគួរឲ្យកត់សម្គាល់ សកម្មភាពបង្កចលាចលនយោបាយ និងអំពើភេរវកម្ម ត្រូវបានទប់ស្កាត់មិនឲ្យកើតមានអំពើប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងគ្រឿងញៀន ត្រូវបានយកចិត្តទុកដាក់បង្ក្រាបបានជាបន្តបន្ទាប់ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាជន វិនិយោគិន និងភ្ញៀវបរទេស។

របាយការណ៍ដដែលបន្តថា សភាពការខាងលើនេះ បានផ្តល់នូវភាពអនុគ្រោះដល់ការអនុវត្ត គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ស្ពាន សួនច្បារ សំណង់អគារខ្ពស់ៗ ទីក្រុងរណប និងថេរភាពល្អប្រសើរ នៃទីផ្សារអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញ ដោយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន៕