(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ដោយបានបង្ហាញ របាយការណ៍របស់ស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោកថា គម្លាតយេនឌ័រនៅកម្ពុជាត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ ដោយថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ មកត្រឹមចំណាត់ថ្នាក់ទី៨៩ ក្នុងឆ្នាំ២០២០។

នៅប្រទេសកម្ពុជា ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៩ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ» ក្នុងគោលបំណងបន្តរំលេចពីតម្លៃ ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង «អរគុណសន្តិភាព» ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ និងបែងចែកទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេសសមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ប្រកបដោយលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់។

នាឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការជាស្ត្រីនៃក្រសួងការងារ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានបទសម្រាប់ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ ស្តីពីមានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ ជាប្រធានបទមួយឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ព្រោះថាការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលមួយមានលទ្ធភាពផ្តោតការយកចិត្តទុក ដាក់លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជន បើបាត់បង់សន្តិភាពនោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់។

លោក អ៉ិត សំហេង បានគូសបញ្ជាក់ថា សមភាពយេនឌ័រជាកត្តាចម្បងក្នុងការធានានូវចីរភាពនៃសន្តិភាព បរិយាប័ន្ន និងនិរន្តរភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឱ្យពួកគេក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ។

យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា បានដាក់ចេញនូវការងារលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ជាវិស័យអាទិភាពដាច់ដោយឡែក ក៏ដូចជាការងារក្នុងវិស័យអាទិភាពដទៃទៀតផងដែរ។

ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រនេះ ក្រសួងការងារបានបញ្រ្ជាបការងារយេនឌ័រទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៩-២០២៣ ត្រង់កម្មវិធីទី៤ នៃយុទ្ធសាស្រ្តទី៥ ចង្កោមសកម្មភាពទី៧ និងបានរៀបចំផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ ផងដែរ ទាំងនេះបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័ររបស់ក្រសួង។

បើយោងតាមរបាយការណ៍របស់ស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានបង្ហាញថា គម្លាតយេនឌ័រនៅក្នុងប្រទេសកម្ពុជា ត្រូវបានកាត់បន្ថយគួរជាទីកត់សម្គាល់ដោយថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ មកត្រឹមចំណាត់ថ្នាក់ទី៨៩ ក្នុងឆ្នាំ២០២០។

ការផ្តល់ចំណាត់ថ្នាក់នេះផ្អែកលើកត្តាចំបងៗចំនួន៤៖ ទី១-ការបង្កើនការចូលរួមរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច, ទី២-សមភាពយេនឌ័រក្នុងវិស័យអប់រំ, ទី៣-ស្ថានភាពសុខភាពរបស់ស្រ្តី និងទី៤-សមភាពយេនឌ័រក្នុងតួនាទីជាអ្នកធ្វើសេចក្តីសម្រេចក្នុងវិស័យសាធារណៈ និងនយោបាយ៕