(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានទទួលជួបសវនាការ ជាមួយនាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ ( YUASA GORO) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ក្នុងឱកាសដែលលោកនាយឧត្ដមសេនីយ៍ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ ចំពោះនាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ថា បានរួមចំណែកដ៍សំខាន់ដល់ការពង្រឹងចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ជាពិសេសការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នកងទ័ពនៃប្រទេសទាំងពីរ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានសម្តែងនូវការដឹងគុណ និងការវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការស្វែង រកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។ ដោយឡែក លើវិស័យការពារជាតិ ជប៉ុនបានជួយផ្តល់នូវសម្ភារ និងបច្ចេកទេស ជាច្រើនដល់កម្ពុជា ទាំងលើវិស័យដោះមីន និងជួយបណ្តុះបណ្តាលផ្នែកជំនាញវិស្វកម្ម ពេទ្យ និងជំនាញជាច្រើនទៀត ដល់មជ្ឈមណ្ឌលកងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានស្នើដល់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នូវការពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ពត៌មាន ក៏ដូចជាកិច្ចសហប្រតិបត្តិការមិនប្រពៃណី ការជួយបណ្តុះបណ្តាលយោធិនវ័យក្មេងសម្រាប់បន្តវេន ព្រមទាំងពង្រីកការផ្លាស់ប្ដូរទស្សនកិច្ចរវាងបណ្ដាប្រភេទទ័ពប្រទេសទាំងពីរផងដែរ។

ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចជាលើកទី១នៅព្រះរាជាណាចក្រកម្ពុជា ដោយមើលឃើញថា សេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ នាយឧត្ដមសេនីយ៍ បញ្ជាក់ថា ទាំងអស់នេះដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសំខាន់បង្កឱ្យមានការរីកចម្រើនសេដ្ឋកិច្ច។

ជាមួយនោះដែរ នាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ ក៏បានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្ត ដោយមើលឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានតម្លើង កម្រិតទំនាក់ទំនងកម្ពុជា-ជប៉ុន មានការីកចម្រើនឥតឈប់ឈរ ហើយបានត្រូវបានលើកម្ពស់ឱ្យទៅជាកិច្ចសហប្របតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ននេះ។ នាយឧត្ដមសេនីយ៍ បានសម្តែងនូវជំនឿជាក់ថា តាមរយៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរកាន់តែទទួលបាននូវវឌ្ឍនភាពថ្មីៗជាច្រើនលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។

នាយឧត្ដមសេនីយ៍ យូអាសា ហ្គូរ៉ូ បានសន្យាថា នឹងពាំនាំនូវសំណូមពរនានារបស់កម្ពុជាទៅរាយការណ៍ជូនថ្នាក់ដឹកនាំជប៉ុន ដើម្បីពិនិត្យលទ្ធភាពជួយលើកកម្ពស់វិស័យការពារជាតិកម្ពុជា ជាពិសេសសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិតែម្តង ខណៈបច្ចុប្បន្នជប៉ុនបានកំពុងជួយបណ្តុះបណ្តាលជំនាញនេះយ៉ាងសកម្ម៕