(ភ្នំពេញ)៖​ អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឲ្យមានការទទួលខុសត្រូវ និងកិច្ចសម្របសម្រួលលេីវិស័យទេសចរណ៍​ ក្នុងពេលមានវិបត្តិជំងឺកូរ៉ូណាថ្មី។

ពាក់ព័ន្ធនឹងការរីករាលដាល់ជំងឺនេះ​ អង្គការសុខភាពពិភពលោក មិនបានផ្ដល់អនុសាសន៍ឲ្យមានការរឹតបន្តឹងលើពាណិជ្ជកម្ម ឬការធ្វើដំណើណាមួយឡើយ។

សេចក្តីថ្លែងការណ៍​រួម​ បានបញ្ជាក់ថា ក្នុងខណៈដែលការរីករាលដាលនៃវីរុសកូរ៉ូណាបច្ចុប្បន្ននៅតែបន្តកើតមានអង្គការសុខភាពពិភពលោក និងអង្គការទេសចរណ៍ពិភពលោក បានប្ដេជ្ញាធ្វើការរួមគ្នាក្នុងការណែនាំតម្រង់ទិស ទៅលើការឆ្លើយតបរបស់វិស័យទេសចរណ៍ និងធ្វើដំណើរទៅនឹងវិបត្តិ Covid-19 នេះ។

អង្គការសុខភាពពិភពលោកកំពុងបំពេញការងារជាមួយនឹងអ្នកជំនាញពិភពលោក រដ្ឋាភិបាល និងដៃគូនានាយ៉ាងជិតស្និទ្ធ សំដៅឲ្យបានឆាប់រហ័សនូវការយល់ដឹងបែបវិទ្យាសាស្រ្តស្ដីពីមេរោគថ្មីនេះ តាមដានអំពីការឆ្លង និងឥទ្ធិពលអាក្រក់របស់វា ព្រមទាំងផ្ដល់ការណែនាំដល់ប្រទេសនានា និងសហគមន៍សាកលលោកស្ដីពីវិធានការការពារសុខភាព និងទប់ស្កាត់ការឆ្លងនៃការផ្ទុះឡើងនៃមេរោគនេះ។

សេចក្តីថ្លែងការណ៍រួមបានបន្តថា វិស័យទេសចរណ៍មានការប្ដេជ្ញាមុតមាំតម្កល់ប្រជាពលរដ្ឋ និងសុខមាលភាពរបស់ពលរដ្ឋជាអាទិភាព ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិមានតួនាទីស្នូលយ៉ាងសំខាន់ក្នុងការធានាឲ្យវិស័យនេះ អាចចូលរួមទប់ស្កាត់ជំងឺកូរ៉ូណាថ្មីប្រកបដោយប្រសិទ្ធភាព។

អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក កំពុងប្រឹក្សាយោបល់គ្នាយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូផ្សេងៗទៀត សំដៅជួយដល់បណ្ដារដ្ឋទាំងឡាយ ឱ្យធានាបាននូវការអនុវត្តវិធានការសុខភាពប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយឲ្យនៅតិចបំផុតនូវការរារាំងមិនចាំបាច់ដល់ទេសចរណ៍ និងពាណិជ្ជកម្មអន្តរជាតិ។

ការឆ្លើយតបពីវិស័យទេសចរណ៍ ទាមទារឲ្យមានការថ្លឹងថ្លែងសមស្របទៅតាមភាពគំរាមកំហែងសុខភាពសាធារណៈ និងផ្អែកទៅលើការវាយតម្លៃហានិភ័យក្នុងស្រុកតាមរយៈការជំរុញឲ្យមានការចូលរួមពីគ្រប់ផ្នែកទាំងអស់នៃសង្វាក់តម្លៃទេសចរណ៍មានដូចជាស្ថាប័នសាធារណៈក្រុមហ៊ុនឯកជន និងភ្ញៀវទេសចរស្របតាមអនុសាសន៍ និងគោលការណ៍ណែនាំទូទៅរបស់អង្គការសុខភាពពិភពលោក។

អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក ត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញការងារយ៉ាងជិតស្និតជាមួយគ្រប់សហគមន៍ទាំងអស់និងប្រទេសទាំងឡាយដែលរងការប៉ះពាល់ដោយភាពអាសន្នសុខភាពបច្ចុប្បន្នសំដៅចូលរួមកសាងអនាគតមួយកាន់តែប្រសើរ និងកាន់តែរឹងមាំ។ ការរឹតបន្តឹងលើការធ្វើដំណើរទាំងឡាយណាដែលឃ្លាតឆ្ងាយពីស្មារតីខាងលើអាចបណ្ដាលឱ្យមានការរំខានមិនចាំបាច់ដល់ចរាចរណ៍អន្តរជាតិ រួមមានផលប៉ះពាល់អវិជ្ជមានលើវិស័យទេសចរណ៍ផងដែរ។

ស្ថិតនៅក្នុងដំណាក់កាលប្រឈមនេះអង្គការសុខភាពពិភពលោកសូមចូលរួមជាមួយសហគមន៍អន្តរជាតិទាំងអស់រក្សាសាមគ្គីភាពជាមួយប្រទេសរងផលប៉ះពាល់នានា៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមរបស់​ អង្គការទេសចរណ៍ពិភពលោក និងអង្គការសុខភាពពិភពលោក៖