(ភ្នំពេញ)៖ លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់នូវកម្ចីពីមីក្រូហិរញ្ញវត្ថុទាំងអស់ សូមយកទៅប្រើប្រាស់ឲ្យចំទិសដៅ កុំខ្ចីដើម្បីគ្រាន់តែទិញសម្ភារឲ្យកូន ព្រោះវានាំឲ្យមានបញ្ហាកើតឡើង។

ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក វ៉ាន់ ពុទ្ធិពល អញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្ដីពី «ការផ្សព្វផ្សាយបទប្បញ្ញត្ដិទូទៅ ពាក់ព័ន្ធផ្នែកពន្ធដារ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក វ៉ាន់ ពុទ្ធិពល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលប្រកបអាជីវកម្មខ្នានតូច និងមធ្យមទាំងអស់ សូមឲ្យប្រើប្រាស់នូវកម្ចីហរិញ្ញប្បទានពីមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់ឲ្យចំទិសដៅ»

លោក វ៉ាន់ ពុទ្ធិពល បានបន្ដទៀតថា កន្លងមកយើងឃើញថា មានប្រជាជនមួយចំនួន សុខចិត្ដមកខ្ចីដើម្បីទិញសម្ភារ ឲ្យកូនប្រើប្រាស់ ដោយពុំគិតពីប្រាក់ចំណូល ដែលត្រូវសង ទៅផ្នែកស្ថាប័នដែលឲ្យខ្ចីវិញ ដែលនេះនាំឲ្យមានបញ្ហាកើតឡើង ដូច្នេះលោកសូមឲ្យប្រជាពលរដ្ឋ ប្រើប្រាស់កម្ចីនេះឲ្យចំគោលដៅ។

បើតាមលោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទាន ដល់ប្រជាពលរដ្ឋជាង២.២លានគ្រួសារ ដែលជាង៨០ភាគរយជាស្ដ្រី។ ផលបត្រឥណទាន មានជាង២៧,៨៨៨ពាន់លានរៀល។

លោក គា បូរាណ បានបន្ថែមថា ប្រជាពលរដ្ឋប្រមាណ២.៧លាននាក់ បានទទួលសេវាសន្សំ ដែលមានចំនួនទឹកប្រាក់ប្រមាណ ១៤,៦២៦ពាន់លានរៀល តាមរយៈការិយាល័យតំណាងចំនួន ប្រមាណ ១,៤០០កន្លែង និងមានបុគ្គលិកបម្រើការងារ សរុបប្រមាណ ៣៤,០០០នាក់ នៅទូទាំង២៥ រាជធានី-ខេត្ត។

ជាមួយគ្នានោះ លោក គា បូរាណ បានបញ្ជាក់ថា នៅដំណាច់ឆ្នាំ២០១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកសរុប១០៣គ្រឹះស្ថាន ក្នុងនោះ មានគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ៧, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ១៥, ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ៨ និងគ្រឹះស្ថានឥណទានជនបទ២៣។

លោកបានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុ បានចាប់កំណើន នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ បរិយាប័ន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងផ្ដល់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ព្រមទាំងទាន់ពេលវេលា ដល់ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលបាន សេវាហិរញ្ញវត្ថុផ្លូវការនៅឡើយ។

ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានអះអាងថា មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានចាត់ទុកថា បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា មានការវិវត្ដល្អ ដែលបទពិសោធន៍នេះ អាចធ្វើជាករណីសិក្សាសម្រាប់ប្រទេសផ្សេងៗនៅក្នុងតំបន់។

យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងខែមករា ឆ្នាំ២០២០ នាពេលថ្មីៗនេះ បានបង្ហាញឃើញថា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រមាណ៧ភាគរយ ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល១ទស្សវត្សចុងក្រោយនេះ។

ផលិតផលជាតិ ក្នុងស្រុកសរុប គិតជាមធ្យមសម្រាប់ ប្រជាពលរដ្ឋកម្ពុជាម្នាក់ មានប្រមាណ១,៥១២ដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨ បានកើនដល់ ១,៦៧៩ដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩។

ជាមួយគ្នានេះដែរ នៅក្នុងទស្សវត្សរ៍ឆ្នាំ២០០០ ប្រជាជនកម្ពុជារស់នៅស្ថិតនៅក្រោមបន្ទាត់ ភាពក្រីក្រលើសពី៤០ភាគរយ នាពេលបច្ចុប្បន្ននេះ បានប្រែក្លាយទៅជាប្រទេស ដែលមានប្រជាជន ស្ថិតក្រោមបន្ទាត់ភាពក្រីក្រ ត្រឹម១០ភាគរយ។

ដោយឡែកតាមរបាយការណ៍ របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) នៅចុងឆ្នាំ២០១៩ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជា ប្រមាណ២លាននាក់ កំពុងប្រើប្រាស់ សេវាហិរញ្ញវត្ថុ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

របាយការណ៍ដដែរបានបញ្ជាក់ថា ពលរដ្ឋកម្ពុជា ប្រមាណ២លាននាក់នោះ អាចធ្វើការសន្សំប្រាក់ និងប្រកបអាជីវកម្មផ្សេងៗ នាពេលអនាគត ខណៈដែល ប្រជាពលរដ្ឋទាំងនោះ ភាគច្រើនពុំមានគណនី ក្នុងមីក្រូហិរញ្ញវត្ថនោះទេ ក្នុងពេលអតីតកាល។

សូមបញ្ជាក់ផងដែរថា សិក្ខាសាលាស្ដីពី «ការផ្សព្វផ្សាយបទប្បញ្ញត្ដិទូទៅ ពាក់ព័ន្ធផ្នែកពន្ធដារ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្ដល់នូវវឌ្ឍនភាពអំពី៖

១៖ បទប្បញ្ញតិទូទៅ (សំខាន់ៗ) ផ្នែកពន្ធដារ
២៖ ការធ្វើបច្ចុប្បន្នកម្ម នៃការធ្វើសំវិធានធន
៣៖ ប្រកាសស្ដីពីពន្ធលើប្រាក់ចំណូល ជូនដល់សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាទាំងអស់ សំដៅលើកកម្ពស់ចំណេះផ្នែកពន្ធដារ ដែលពាក់ព័ន្ធនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដ៏មានសារៈសំខាន់៕