(ភ្នំពេញ)៖ បច្ចុប្បន្ន វិស័យលក់រាយកំពុងតែមានសន្ទុះខ្លាំងក្នុងប្រទេសកម្ពុជា ដោយមានការវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនជាច្រើន។ ក្នុងនោះ ផ្សារទំនើប ជីប ម៉ុង កំពុងបោះជំហានយ៉ាងលឿន ដោយពង្រីកខ្លួនជាច្រើនទីតាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទំនិញលក់រាយជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

លោក Laurent Hamelet នាយកផ្នែកលក់ទំនិញ និងទីផ្សារនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានឲ្យដឹងថា ផ្សារទំនើប ជីប ម៉ុង មានការប្តេជ្ញាចិត្តខ្ពស់ និងយុទ្ធសាស្ត្ររយៈពេលវែងក្នុងការក្លាយខ្លួនជាអ្នកនាំមុខគេក្នុងអាជីវកម្មលក់រាយនៅកម្ពុជា។

លោកបន្ថែមថា៖ «យើងផ្តល់ជូនអតិថិជននូវទំនិញរហូតដល់ជាង ៧ពាន់មុខ ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដោយយើងមានដៃគូពាណិជ្ជកម្មខ្លាំងៗជាង២០០ ក្នុងការផ្គត់ផ្គង់ទំនិញឲ្យបានទៀងទាត់។ យើងក៏មានទំនិញមកពីសហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងពីប្រទេសថៃ ដែលមានវិញ្ញាបនបត្របញ្ជាក់ថា គ្មានសារធាតុគីមី ក៏ដូចជាផលិតផលសរីរាង្គចំនួន១៥០មុខ ដែលនាំចូលផ្តាច់មុខពីសហភាពអឺរ៉ុបផងដែរ»

លោកក៏បានបញ្ជាក់ពីការសហការយ៉ាងជិតស្និទ្ធរវាងផ្សារទំនើប ជីប ម៉ុង ក៏ដូចជាមជ្ឈមណ្ឌលផ្សារទំនើប និងក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ដោយគ្រប់គម្រោងទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង លែន នឹងមានមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង និងផ្សារទំនើប ជីប ម៉ុង។

លោក Laurent បាននិយាយថា៖ «យើងក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដោយយើងបានដាក់បញ្ចូលនូវកម្មវិធីបណ្តុះបណ្តាលបុគ្គលិកជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបទាក់ទងនឹងទីផ្សារលក់រាយ។ យើងជឿជាក់យ៉ាងមុតមាំថា យុទ្ធសាស្រ្ត និងការត្រៀមខ្លួនបានយ៉ាងល្អ យើងនឹងក្លាយជាអ្នកវិនិយោគដ៏ចម្បងនៅក្នុងវិស័យនេះ»។

បច្ចុប្បន្ន ជីប ម៉ុង រីថែល កំពុងប្រតិបត្តិការផ្សារទំនើប ជីប ម៉ុង ចំនួនបីទីតាំង និង ជីប ម៉ុង Express ចំនួនបីទីតាំង និងមានគម្រោងពង្រីកសាខាផ្សារទំនើប ជីប ម៉ុង ចំនួនបីទីតាំង និង ជីប ម៉ុង Express ចំនួន១០ទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីខិតឲ្យកាន់តែជិតអតិថិជន៕