(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំសិក្ខាសាលាស្តីពីនីតិវិធីស្នើសុំនាំចូលទំនិញ បម្រើឱ្យការអនុវត្តគម្រោងវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៃប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) ដើម្បីសម្រួលពេលវេលាឲ្យនៅកាន់លឿនរហ័ស។

 ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងសមាគមធុរកិច្ចមួយចំនួន និងអ្នកវិនិយោគក្នុងស្រុកនិងបរទេសសរុបចំនួនប្រមាណ២០០នាក់។

លោក សុខ ចិន្តាសោភា បានរម្លឹកអំពីសាវតានៃការរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធបញ្ជរតែមួយជាតិដែលជាកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជាសមាជិកអាស៊ាន ផងនិងជាវិធានការកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលសំដៅកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាផង។ តាមរយៈការចូលជាធរមាននៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រទេសជាសមាជិកអាស៊ានទាំងអស់បានបើកទូលាយឱ្យមានលំហូរដោយសេរីនៃទំនិញ កម្លាំងពលកម្ម និងមូលធន។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំរៀបចំការដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីសម្រួលដល់លំហូរនៃទំនិញ ដែលនៅដំណាក់កាលទី១ បានដាក់ឱ្យមានការតភ្ជាប់គ្នារវាងប្រព័ន្ធ ASYCUDA របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រព័ន្ធចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃទំនិញ របស់ក្រសួងពាណិជ្ជកម្ម។

ការដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំនាំចូល ទំនិញ បម្រើឱ្យការអនុវត្តគម្រោងវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៃប្រព័ន្ធបញ្ជរតែមួយជាតិ ជាផ្នែកមួយនៃការដាក់ឱ្យដំណើរការប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ ដែលមានក្រសួង-ស្ថាប័នចំនួន៦ ចូលរួមអនុវត្តគឺ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម, និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោកសង្ឃឹមថា ប្រព័ន្ធនេះនឹងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់អ្នក វិនិយោគតាមរយៈការកាត់បន្ថយពេលវេលា និងចំណាយមិនចាំបាច់នានា ក៏ដូចជាគុណប្រយោជន៍ដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការគ្រប់គ្រងទិន្នន័យ។

លោកបានស្នើសុំវិស័យឯកជនមេត្តាចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ និងកុំមានការអល់អែកក្នុងការទាក់ទង មន្ត្រីច្រកចេញចូលតែមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងករណីមានចម្ងល់ណាមួយអំពីការអនុវត្តប្រព័ន្ធនេះ។

លោកមរដ្ឋមន្ត្រីប្រតិភូបានជម្រាបជូនអង្គវេទិកាថា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តនូវវិធានការកែទម្រង់របស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីរៀបចំការដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគតាមថ្នាលបច្ចេកវិទ្យាព័ត៌មានផងដែរ។

ជាមួយគ្នានេះ ក្នុងន័យសម្រួលពេលវេលាកាន់រហ័សនៅគ្រាដែលមានការផ្ទុះជំងឺ Covid-19 ដែលនាំឲ្យវត្ថុធាតុដើមផលិតតាមតំបន់សេដ្ឋកិច្ចពិសេសអាចជួបបញ្ហានោះ លោក សុខ ចិន្តាសោភា បានផ្ញើលិខិតផ្លូវការមួយ ជំរុញឲ្យតំណាងក្រសួងស្ថាប័ន ប្រចាំការនៅតាមបណ្តារដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ជួយសម្រួលនីតិវិធីនាំចេញ នាំចូល និងនីតិវិធីរដ្ឋបាលតាមកម្រិតអតិបរមា ៕