(ភ្នំពេញ)៖ រោងចក្រផលិតបារីមួយកន្លែង ត្រូវបានអគ្គិភ័យឆេះបំផ្លាញរហូតដល់រលំអគារទាំងស្រុង ត្រឹមរយៈពេលមិនដល់១ម៉ោងផង។

ករណីគ្រោះអគ្គិភ័យនេះ មានទីតាំងស្ថិតនៅជិតវត្តព្រៃស្ពឺ ក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ពលរដ្ឋដែលមានលំនៅដ្ឋានជិតរោងចក្របានប្រាប់ថា នៅម៉ោងជាង១រំលងអធ្រាត្រ បានឃើញអណ្តាតភ្លើងហុយចេញពីក្នុងរោងចក្រ មិនបាន២០នាទីផង ភ្លើងបានឆេះពេញបន្ទុកតែម្តង គួបផ្សំខ្យល់ខ្លាំងទៀត គឺធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំង ហើយឆេះរហូតដល់ដួលរលំអគារនៃរោងចក្រនេះទាំងស្រុង ត្រឹមម៉ោង១៖៥០នាទីរំលងអធ្រាត្រថ្ងៃដដែល។

ករណីឆេះរលំអគារនៃរោងចក្រផលិតបារីនេះ មិនបណ្តាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋ នៅក្បែរនោះទេ។

គិតត្រឹមម៉ោង៦៖០០នាទីព្រឹកនេះ ស្ថានភាពភ្លើងនៅតែឆេះ ហើយអាជ្ញាធរបានប្រើអេស្កាវ៉ាទ័រ ដើម្បីជួយពន្លឿនឲ្យមានភាពងាយស្រួល ដល់កងកម្លាំងពន្លត់អគ្គិភ័យស្រួលជួយពន្លត់ ដោយឡែកសម្រាប់ទំហំខូចខាត និងមូលហេតុឆេះពុំទាន់ដឹង៕