(ភ្នំពេញ)៖ នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ មានរៀបចំពិធីចុះហត្ថលេខា ស្តីពីកិច្ចព្រមព្រៀង សហប្រតិបត្តិការជាដៃគូរវាងអង្គភាពស៊ីម៉ាក់ និងអង្គការជេម៉ាស់ របស់ជប៉ុន លើគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយប្រើប្រាស់គ្រឿងចក្រកម្ទេចមីន ក្នុងខេត្តកំពង់ធំ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា គម្រោងបោសសម្អាតមីននេះ មានថវិកាគាំទ្រចំនួន ៣១៧,០១៩.៦១ដុល្លារ ដែលមានរយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នឹងអនុវត្តនៅក្នុងស្រុកចំនួន០២ គឺស្រុកកំពង់ស្វាយ និងស្រុកសន្ទុក ខេត្តកំពង់ធំ៕