(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតយក្ស Westerdam របស់សហរដ្ឋអាមេរិក បានចាកចេញពីកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោយបានការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ឲ្យចូលចតអស់រយៈពេលជាង១០ថ្ងៃ។ នេះបើតាមការឲ្យដឹងពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

លោក គួច ចំរើន បានបញ្ជាក់ថា នៅវេលាម៉ោងជាង៨យប់នេះ នាវាទេសចរណ៍ Westerdam បានចាកចេញពីកំពង់ផែអន្ដរជាតិខេត្តព្រះសីហនុហើយ ដើម្បីឆ្ពោះទៅគោលដៅរបស់ខ្លួន ក្រោយត្រូវបានសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យចូលសំចតនាពេលកន្លងទៅ។

យោងតាមអាជ្ញាធរខេត្តព្រះសីហនុ បានអះអាងថា នាវាខ្នាតយក្សមួយនេះបានចាកចេញពីប្រទេសកម្ពុជា ជាមួយក្រុមនាវិកជាង៧០០នាក់។ តាមព័ត៌មានដែលទទួលបាន នាវានេះនឹងធ្វើដំណើរទៅសមុទ្រអន្ដរជាតិ រួចបន្ដដំណើរទៅកាន់ទីក្រុងម៉ាលីណា ប្រទេសហ្វីលីពីន។

សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។ ប៉ុន្តែនៅទីបំផុតបានទទួលការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចូលចតដោយសុវត្ថិភាព។

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុន Holland Amercia Line ដែលជាម្ចាស់នាវា Westerdam បានជូនដំណឹងថា ភ្ញៀវទេសចរទាំងអស់ និងក្រុមការងារដែលត្រូវបានបញ្ជូនមកកាន់កម្ពុជា នាពេលនេះ បានត្រឡប់ទៅដល់ផ្ទះរៀងៗខ្លួនអស់ហើយ ជាមួយលទ្ធផលគ្មាននរណាម្នាក់ឆ្លងវីរុស COVID-19 នោះឡើយ៕