(ក្រចេះ)៖ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្ដិ៍សុខភាពមួយកន្លែង ដែលជាចំណងដៃថ្មី នៃការធ្វើវេទិកាសាធារណៈដែលជាកង្វល់ និងជាការសំណូមពររបស់ប្រជាពលរដ្ឋបានស្នើសុំ ដើម្បីជួយបង្កើន និងពន្លឿនការផ្តល់សេវាសុខាភិបាលជូនប្រជាលរដ្ឋ ក្នុងសង្កាត់កោះទ្រង់នេះ ក្រុងក្រចេះ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោក ងី ប៊ុនឡែន អនុប្រធានមន្ទីរសុខាភិបាល បានថ្លែងថា សម្រាប់ឆ្នាំ២០២០នេះ មន្ទីរសុខាភិបាល បាននិងកំពុងដំណើរការសាងសង់អាគារមណ្ឌលសុខភាពបន្ថែមចំនួន ៨ កន្លែង ក្នុងនោះមាន៖ មណ្ឌលសុខភាពព្រែកសាម៉ាន់ ស្រុកឆ្លូង, មណ្ឌលសុខភាពកំពង់គរ ស្រុកព្រែកប្រសព្វ, មណ្ឌលសុខភាពស្រែជិះ ស្រុកសំបូរ, មណ្ឌលសុខភាពថ្មអណ្ដើក ស្រុកចិត្របុរី, មណ្ឌលសុខភាពគោលាប់ ស្រុកចិត្របុរី, មណ្ឌលសុខភាពអូរឫស្សី ក្រុងក្រចេះ, មណ្ឌលរកាកណ្ដាល សង្កាត់រកាកណ្ដាល ក្រុងក្រចេះ និងមណ្ឌលសុខភាពបុសលាវ ស្រុកចិត្តបុរី។

លោក ប៉ែន លីណាត អគារប៉ុស្តិ៍សុខភាពនេះ គឺជាចំណងដៃដ៏ថ្មីមួយសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ មានភាពងាយស្រួលក្នុងការទៅទទួលសេវាសុខភាព ពិគ្រោះ និងព្យាលជំងឺផ្សេងៗ ជាពិសេសកុមារតូច និងស្ត្រីមានផ្ទៃពោះ ក្នុងការចាក់វ៉ាក់សំាង ក៏ដូចជាពិនិត្យផ្ទៃពោះ និងសម្រាលកូនជាដើម។ លោកបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្ត ដែលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមានការទំនាក់ទំនងល្អជាមួយភ្ញៀវជាតិ អន្តរជាតិ ដើម្បីស្វែងរកដៃអភិវឌ្ឍន៍នានា មកអភិវឌ្ឍន៍ក្នុងទឹកដីខេត្តក្រចេះ។

លោកសូមណូមពរដល់គ្រូពេទ្យ ត្រូវមានវត្តមានជាប្រចាំ ត្រូវមានថ្នាំគ្រប់គ្រាន់ ដើម្បីផ្តល់សេវាសាធារណៈឲ្យបានល្អនៅក្នុងឃុំសង្កាត់នេះ ដោយមានការទទួលខុសត្រូវខ្ពស់ មិនត្រូវប្រកាន់បក្សពួកនិយមឡើយ។ លោកក៏បានជំរុញណែនាំដល់ប្រជាពលរដ្ឋជានារីដែលមានផ្ទៃពោះ និងកំពុងមានផ្ទៃពោះ ត្រូវឧស្សាហ៍មកធ្វើការពិនិត្យផ្ទៃពោះ ឲ្យបានទៀងទាត់ទៅតាមបញ្ជាគ្រូពេទ្យ មុនពេលសម្រាល ហើយរាល់ការមកពិនិត្យនេះ មិនមានការបង់ថ្លៃសេវានោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល លើកទឹកចិត្តចំពោះស្រ្តីមានផ្ទៃពោះ៕