(កណ្ដាល)៖ នគរបាលអន្តរាគមន៍ក្រុងតាខ្មៅ បានបំបែកហ្វូងក្មេងស្ទាវ២ក្រុម ប្រដាប់ដោយដាវសាមូរ៉ៃ កាំបិតពិឃាត និងដុំថ្ម ព្រមទាំងឃាត់ខ្លួនចំនួន៦នាក់ ក្នុងពេលក្រុមក្មេងស្ទាវ២ក្រុម មានគ្នាជាង២០នាក់ បើកឆាកប្រយុទ្ធដូចរឿងគុន នៅលើសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល។

ការបើកឆាកប្រយុទ្ធរវាងក្មេងស្ទាវទាំងពីរក្រុមនេះ កាលពីវេលាម៉ោង១៩៖៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈសង្រ្គាមមួយឈុតដ៏សាហាវនេះ បានបង្ករការភ្ញាក់ផ្អើលពេញមាត់ស្ទឹងតាខ្មៅ តែម្ដង។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល ឱ្យដឹងថា ក្រុមក្មេងស្ទាវមាន២ក្រុមនេះ មានគ្នីគ្នាជិត២០នាក់ បានបើកឆាកប្រយុទ្ធ លឺស្នូរសន្ធឹកផ្លែដាវ ស្នូរសម្រែកវាយប្រដេញយ៉ាងគ្នាយ៉ាងកក្រើក ខណៈនគរបាលអន្តរាគមន៍ ដេញចាប់ក្របួចបានភ្លាមៗ នៅនឹងកន្លែងកើតហេតុផងដែរ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ក្រុមជនសង្ស័យទី២ បាននាំគ្នាមកអង្គុយលេងនៅកន្លែងកើតហេតុ ពេលនោះស្រាប់តែក្រុមជនសង្ស័យទី១ បានជិះម៉ូតូមកឌឺដងដាក់ ហើយបានកើតជាទំនាស់ពាក្យសំដី រហូតដល់មានការវាយតប់គ្នាទៅវិញទៅមក រួចក្រុមជនសង្ស័យទី១ ក៏បានជិះម៉ូតូចេញបាត់ទៅ។ មួយសន្ទុះក្រោយមកស្រាប់តែក្រុមជនសង្ស័យទី១មកម្តងទៀត ប្រដាប់ដោយដាវ និងកាំបិត ខ្សែក្រវ៉ាត់ និងដុំថ្ម បានដេញកាប់គ្នាទៅវិញទៅមក បណ្តាលឱ្យឈ្មោះ ឡាំង ដេវីត រងរបួសក្បាលជើង និងស្មារ ត្រូវបានមិត្តភ័ក្រ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យជ័យជម្នះ ភ្លាមនោះសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ឃាត់ខ្លនជនសង្ស័យទាំង២ក្រុម បានចំនួន៦នាក់ភ្លាមៗ ផងដែរ។

ក្រុមក្មេងស្ទាវក្រុមទី១ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងចំណោម៦នាក់រួមមានទី១៖ ឈ្មោះ ឡាំង ដេវវីត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ភ្នំពេញ (រងរបួសក្បាល ខ្នង ជើងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនៈ), ទី២៖ ឈ្មោះ ចាប ចន្នី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល, ទី៣៖ ឈ្មោះ វ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន) និងជនសង្ស័យប្រហែល៦នាក់ទៀត មិនស្គាល់អត្អត្តសញ្ញាណ (គេចខ្លួន)។

ចំណែកក្រុមទី២ រួមមានទី១៖ ឈ្មោះ សុត ជិនសុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន), ទី២៖ ឈ្មោះ ស្រ៊ីម គង់ហេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន), ទី៣៖ ឈ្មោះ រត្តនា កូលីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិលេខ១ (ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន), ទី៤៖ ឈ្មោះ សៀក ច័ន្ទដាលីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) និង៥៖ ឈ្មោះ ហេង ឆាយឡេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

រីឯជនសង្ស័យប្រហែល៥នាក់ទៀត មិនស្គាល់អត្តសញ្ញាណដោយសារពួកគេបានគេចខ្លួន។ វត្ថុតាងចាប់យកមាន ម៉ូតូចំនួន៣គ្រឿង។

ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបាននគរបាលយកមកសាកសួរ និងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕