(ឧត្តរមានជ័យ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គ្រាន់តែចិនជួបបញ្ហា Covid-19 មិនអាចដំណើរច្រវាក់ផលិតកម្ម នាំឱ្យរង្គើដល់ពិភពលោក ដូច្នេះសូមកុំឱ្យប្រទេសចិន ជួបប្រទះនូការលំបាកឱ្យសោះ ព្រោះបើចិនជួបការលំបាក ប្រទេសដទៃនឹងជួបការលំបាកដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការសម្រេចចិត្តិរបស់សម្តេចទៅកាន់ប្រទេសចិនកាលពីដើមខែកុម្ភៈ ចំពេលចិនវាយលុកដោយជំងឺផ្លូវដង្ហើម បង្កដោយវីរុស កូរ៉ូណា ឬ «COVID19» គឺជាការសម្រេចចិត្តដ៏មហាត្រឹមត្រូវសម្រាប់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន ហើយការសម្រេចចិត្តរបស់សម្តេចទៅប្រទេសចិន ក្នុងកាលៈទេសៈនឹងធ្វើប្រទេសចិន ដឹងថាអ្នកណាជាមិត្តពិតប្រាកដក្នុងគ្រាមានអាសន្ន។

ជាមួយគ្នានេះដែរបុរសខ្លាំងរបស់កម្ពុជា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំអស់រង់ចាំមើលថា នូវលទ្ធផលចុងក្រោយថាកម្ពុជា នឹងសម្រេចបាននូវទំនាក់ទំនងរវាងកម្ពុជា និងចិន យ៉ាងម៉េច? សម្តេចតេជោ ក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិន បើទោះបីជួបបញ្ហាតែមិនលុបគម្រោងសាងសង់ផ្លូវមួយខ្សែ ដែលមានប្រវែងជាង១០០គីឡូម៉ែត្រពីកម្ពុជា ដែលតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុងនោះទេ មិនតែប៉ុណ្ណោះ នៅមានគម្រោងមួយទៀត ដែលភាគីចិន នៅតែបន្តផ្តល់ហិរញ្ញប្បទាន ក៏ដូចជាជំនួយឥតសំណង សម្រាប់កម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ស្នើទៅលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឱ្យជួយជំរុញភាគីចិន ដើម្បីប្រើយន្តហោះ និងកប៉ាល់ ដឹកវត្ថុធាតុដើម ជាពិសេសសាច់កំណាត់ មកកម្ពុជាជាប្រញាប់ ដើម្បីចៀសវាងកុំឱ្យមានការបិទរោងចក្រ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ហើយអញ្ចឹងខ្ញុំគ្រាន់តែផ្តាំផ្ញើរ ទៅអ្នកដទៃទៀតថា អីឡូវនេះ គ្រាន់តែចិនឈប់ថ្ងៃចូលឆ្នាំ (ចូលឆ្នាំចិន) បន្ទាប់ពីឈប់ចូលឆ្នាំ អីឡូវចិន ចាប់ផ្តើមចូលធ្វើការឡើងវិញ ក៏ប៉ុន្តែកន្លែងខ្លះ ក៏ចូលធ្វើការឡើងវិញ មិនទាន់ពេញលេញដែល ដូចជាតំបន់ វូហាន ជាដើម មិនទាន់អាចធ្វើការនេះបានទេ [...] គ្រាន់តែប៉ុណ្ណឹង រង្គើរពិភពលោក រង្គោះរង្គើរពិភពលោក ទៅហើយព្រោះអ្វី កុំចង់ឱ្យជួបការលំបាក បើចិនជួបការលំបាក គឺប្រទេសដទៃ ក៏នឹងជួបការលំបាកដូចគ្នា ដូចជាគ្រឿងបង្គុំក្នុងប្រទេសចិន យកចេញមិនបានធ្វើឱ្យរោងចក្រផលិតរថយន្តនៅប្រទេសមួយចំនួន ចាប់ផ្តើមផ្អាកច្រវាក់ផលិតកម្ម»

បើតាមសម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការផ្អាកនាំផលិតផលធាតុដើម ចេញប្រទេសចិន មួយរយៈពេលមកនេះ ដោយសារវីរុស កូរ៉ូណា ឬ Covid19 នៅតាមបណ្តាប្រទេសមួយចំនួន មានការបិទក្រុមហ៊ុនផលិតរថយន្ត គ្រឿងអេឡិចត្រនិច និងរោងចក្រផលិតរបស់របរផ្សេងៗទៀតផងដែរ ដូច្នេះ ការជួបវិបត្តិរបស់ប្រទេសចិន វាបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកយើងនេះ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែលថា គ្រាន់តែចិន មានវិបត្តិភ្លាមបង្កឱ្យមានបញ្ហាភ្ញៀវទេចរណ៍ទូទាំងពិភពលោក មានការធ្លាក់ចុះយ៉ាងខ្លាំង កត្តាទាំងនេះបណ្តាមកពីទេសចរណ៍ចិន មានជាង១០០លាននាក់ បានចេញទៅដើរលេងកម្សាន្តនៅក្រៅប្រទេស មិនតែប៉ុណ្ណោះ បានធ្វើឱ្យប៉ះពាល់ដល់ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ព្រមទាំងប៉ះពាល់ដល់បុគ្គលិកយ៉ាងច្រើនផងដែរ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ភ្ញៀវទេសចរចិននៅកម្ពុជានឹងកើនឡើងវិញ ក្រោយបញ្ចប់វិបត្តិបណ្តាលមកពីជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «COVID19»។ ដូច្នេះ សូមបណ្តាប្រទេសដទៃរើសអើងចំពោះប្រជាជនចិន តែកម្ពុជាមិនមានរើសអើងនោះឡើយ ព្រោះប្រទេសកម្ពុជា ជាប្រទេសមិនរើសអើងចំពោះចិន បែរជាមិនមានឆ្លងជំងឺបង្កដោយមេរោគ «COVID19» តែប្រទេសមានចរិតរើសអើងចំពោះចិន បែររងការឆ្លងជំងឺបង្កដោយមេរោគ «COVID19»។

នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ក៏បានបញ្ជាក់ថា វាជារឿងអយុត្តិធម៌ខ្លាំងណាស់ នៅពេលមានបញ្ហាបណ្តាប្រទេសមួយចំនួននាំគ្នារត់ទៅរកប្រទេសចិន ប៉ុន្តែ តែពេលដែលប្រទេសចិនជួបនឹងបញ្ហា បែរជានាំគ្នារត់ចោលចិនទៅវិញ ដោយយកមិត្តភាព សច្ចៈភាពជាធំនេះហើយ ក្នុងនាមប្រមុខដឹកនាំប្រទេសកម្ពុជា សម្តេចមិនរត់ចោលចិន នៅក្នុងពេលជួបបញ្ហានេះជាដាច់ខាត៕