(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គ្រោងនឹងផ្តល់កញ្ចប់ថវិកាប្រមាណ ២៤,៥ លានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អំពីជំនួយអភិវឌ្ឍន៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ KOICA បានដឹងថា កិច្ចពិភាក្សាការងារជាមួយ លោក នោ ហ្យន់ជូន (Rho Hyun-Jun) ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា ជាមួយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) គឺដើម្បីពិភាក្សាអំពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កូរ៉េ សម្រាប់ប្រទេសកម្ពុជា។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើរបៀបវារៈរួមមានទី១៖ កម្មវិធីទស្សនកិច្ចផ្លូវការមកប្រទេសកម្ពុជា របស់លោកស្រីប្រធាន KOICA ទី២៖ ផែនការសហប្រតិបត្តិការរបស់ KOICA សម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០, ទី៣៖ គម្រោងថ្មីរបស់ KOICA សម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ និង៤៖ គម្រោងថ្មីរបស់ KOIC សម្រាប់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២។

គួរកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឱ្យប្រសើរឡើង និងទូលំទូលាយថែមទៀត។ ជាក់ស្តែងបរិមាណនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់ និងបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជា៕