(ភ្នំពេញ)៖ លោករដ្ឋមន្រ្តីក្រសួងកិសកម្ម វេង សាខុន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញពីលោក Sascha Reebs លេខាទី១ ស្ថានទូតអាល្លឺម៉ង់ លោក Hardy Schneider នាយកកម្មវិធីសហព័ន្ធសហករណ៍រ៉ៃអៃសិនអាល្លឺម៉ង់ (DGRV) ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ លោក‌ លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនកសិករតំណាងសហគមន៍កសិកម្ម ប្រមាណ៥០០នាក់។

លោក Hardy Schneider និងលោក Sascha Reebs បានបង្ហាញយ៉ាងច្បាស់ពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង របស់ប្រទេសអាល្លឺម៉ង់ សម្រាប់ធ្វើការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗ ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ ដែលការអភិវឌ្ឍន៍នេះបានចូល រួមចំណែកប្រកបដោយផ្លែផ្កា ក្នុងការជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង និងស្ថិរភាពសង្គមនាពេលបច្ចុប្បន្ន។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីការរៀបចំសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងដំណើរការនៃការជ្រើសរើសសហគមន៍កសិកម្មឆ្នើម ផ្តល់ជ័យលាភី និងវិញ្ញាសារប្រឡងជ្រើសរើស។

លោករដ្ឋមន្ត្រីបានកោតសរសើរ ចំពោះសហគមន៍កសិកម្មទាំង៥ ដែលទទួលបានជ័យលាភីនៅឆ្នាំនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែង យកអស់ស្មារតីទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអគ្គនាយកដ្ឋានកសិកម្ម ដែលបានរួមសហការគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ ដ៏មានសារសំខាន់នាពេលនេះ។

លោកក៏បានថ្លែង អំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលនៅតែបន្តជួយអភិវឌ្ឍវិស័យកសិកម្ម។

លោកបានបញ្ជាក់ថា ក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែង សហគមន៍កសិកម្មឆ្នើមនេះចាប់ តាំងពីឆ្នាំ២០១៥ មកទល់ពេលនេះបានចំនួន០៤ លើកដែលសហគមន៍កសិកម្ម ត្រូវបានផ្តល់ឱកាសឱ្យចូលរួមកម្មវិធីសន្និបាតកសិករ ដើម្បីប្រកួតប្រជែងក្នុងចំណោមសហគមន៍កសិកម្មឆ្នើម ដើម្បីដណ្តើមជ័យលាភីប្រចាំឆ្នាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់លើកទឹកចិត្ត ដល់កសិករឱ្យចងក្រងសហគមន៍កសិកម្ម ដើម្បីរក្សានិរន្តរភាពនៃសកម្មភាពនានា ក្រោយពេលគម្រោងត្រូវបានបញ្ចប់ ធ្វើការចុះបញ្ជីនៅក្រសួងបានត្រឹមត្រូវ រៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ មានសកម្មភាពសេដ្ឋកិច្ចបម្រើដល់កសិករជាសមាជិក និងមានយន្តការគ្រប់ គ្រង ដឹកនាំដោយខ្លួនឯង មានរចនាសម្ព័ន្ធរដ្ឋបាល ហិរញ្ញវត្ថុ ព្រមទាំងមានអង្គភាព ដៃគូ និងស្ថាប័នរដ្ឋគាំទ្រផងដែរ។

ទាក់ទងចំណុចនេះ លោកស្នើឱ្យ DGRV ជួយបន្តផ្តល់កិច្ចសហការជាមួយ អគ្គនាយកដ្ឋានកសិកម្ម ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍សហគមន៍កសិកម្ម ក៏ដូចជាការជួយគាំទ្រដល់សម្ព័ន្ធសហគមន៍កសិកម្ម ឱ្យដំណើរការបានល្អសំដៅចូលរួមអភិវឌ្ឍន៍សហគមន៍កសិកម្ម ឱ្យមានការរីកចម្រើននាពេលអនាគត។

ក្នុងខណ:នេះ ដើម្បីផ្តល់ជាធាតុចូលសម្រាប់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងសហគមន៍កសិកម្មឆ្នើមទាំង០៥ លោករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍មួយចំនួន សម្រាប់ជាមូលដ្ឋានអនុវត្តបន្តដូចតទៅ៖

ទី១- ថ្នាក់ដឹកនាំសម្ព័ន្ធសហគមន៍កសិកម្ម ត្រូវខិតខំបំពេញភារកិច្ច និងតួនាទីឱ្យបានល្អដើម្បី បម្រើផលប្រយោជន៍ពិតប្រាកដជូនដល់សមាជិក សំដៅធ្វើឱ្យមានការរីកចម្រើនដល់សហគមន៍កសិកម្ម។ ត្រូវខិតខំបន្ថែមទៀត ដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មគំរូសម្រាប់បម្រើផលប្រយោជន៍ដល់កសិករ។

ទី២- ត្រូវពង្រឹងសមត្ថភាពស្ថាប័ន ការធ្វើសវនកម្មផ្ទៃក្រៅឱ្យបានទៀងទាត់ដើម្បីដំណើរការបានរលូនប្រកបដោយតម្លាភាព គណនេយ្យភាព និរន្តរភាព និងការស្វែងរកដៃគូជំនួញដើម្បីធ្វើកិច្ច សន្យាផលិតកម្មកសិកម្ម។ ត្រូវពង្រឹង និងពង្រីកសមត្ថភាពមុខរបរបន្ថែម ដើម្បីឱ្យក្លាយជាសហគ្រាសកសិ-ធុរកិច្ចរឹងមាំ។

ទី៣- មន្ទីររាជ ធានី-ខេត្ត ត្រូវធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្ម និងធ្វើការតាមដាន វាយតម្លៃ ដើម្បីឱ្យដឹងពិត ប្រាកដថាតើមានសហគមន៍កសិកម្មចំនួនប៉ុន្មានដែលមានដំណើរការល្អ ឬឈប់ដំណើរការ? បើឈប់ដំណើរការត្រូវតែដកវិញ្ញាបនបត្រចុះបញ្ជីវិញ។ ត្រូវលើកទឹកចិត្តដល់សហគមន៍កសិកម្មផ្សេងទៀតឱ្យក្លាយជាសហគមន៍កសិកម្ម និងទទួលបានភាពជោគជ័យក្នុងដំណើរការអភិវឌ្ឍរបស់ខ្លួន។

ទី៤- ត្រូវខិតខំពង្រឹងរចនាសម្ព័ន្ធ និងធុរកិច្ចឱ្យក្លាយជាសហគ្រាសកសិកម្មទំនើប តាមរយៈការបង្កើតយន្តការគ្រប់គ្រង និងបន្តធ្វើទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងការផ្តល់ឥណទាន។

ទី៥- ស្នើដៃគូអភិវឌ្ឍន៍បន្តជួយអភិវឌ្ឍសហគមន៍កសិកម្មបន្ថែមទៀត ដោយយកពួកគេធ្វើជាតួអង្គសំខាន់ ក្នុងគម្រោងដើម្បីជួយដល់កសិករ តាមរយ:ការផ្ទេរបច្ចេកទេស ផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។

សូមជម្រាបជូនថា សម្រាប់ឆ្នាំនេះជ័យលាភីលេខ១៖ បានទៅសហគមន៍កសិកម្មតស៊ូមានជ័យ លេខ២៖ សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង លេខ៣៖ សហគមន៍កសិកម្មបុរីអភិវឌ្ឍន៍ លេខ៤៖ សហគមន៍កសិកម្មអញ្ញាញរូងសម័យថ្មី និងលេខ៥៖ សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ។

យោងលើសេចក្តីត្រូវការជាក់ស្តែង ឆ្នាំនេះក្រសួងសម្រេចជូនសហគមន៍កសិកម្ម ដែលទទួលបានជ័យលាភីទាំង៥ ជាថវិកាវិញ ដើម្បីយកទៅប្រើប្រាស់តាមការចាំបាច់ក្នុងសហគមន៍របស់ខ្លួន ដែលមានតាមលំដាប់លំដោយពីលេខ០១ ដល់លេខ០៥ ដូចតទៅ១៦លានរៀល ១០លានរៀល ៨លានរៀល ៦លានរៀល និង៤លានរៀល ព្រមទាំងប័ណ្ណសរសើរផងដែរ៕