(ភ្នំពេញ)៖ លោក Eldeen Hasaaini bin Mohd Hashim អគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានចូលបំភ្លឺនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នេះបើតាមការបញ្ជាក់របស់ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News។

ការចូលបំភ្លឺនេះ បានធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការលើកឡើងដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជំរុញឱ្យប្រមុខការទូតកម្ពុជា កោះហៅអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងករណីដែលរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថា ស្រ្តីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំ ជាអ្នកដំណើរតាមនាវាទេសចរណ៍ Westerdam ដែលចាកចេញពីកម្ពុជានោះ មានជំងឺកូរ៉ូណាថ្មី ឬ Covid-19 ហើយត្រូវបានម៉ាឡេស៊ីព្យាបាលជា រយៈពេល៧២ម៉ោង ប៉ុន្តែករណីនេះផ្ទុយស្រឡះពីមជ្ឍមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (USCDC) ដែលប្រកាសថា ស្រ្តីជនជាតិអាមេរិកាំង គ្មានផ្ទុកមេរោគ Covid-19 គ្រាន់តែអាចមានជំងឺសួតធម្មតា។

លោក កុយ គួង នៅមិនទាន់អាចបង្ហើបអំពីលទ្ធផលលម្អិតនៃជំនួបរវាងតំណាងកម្ពុជា និងតំណាងម៉ាឡេស៊ីប្រចាំនៅកម្ពុជាបាននៅឡើយទេ។ ខណៈដែលបណ្តាញព័ត៌មាន Fresh News នៅមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអគ្គរាជទូតម៉ាឡេស៊ីបាននៅឡើយដែរ។

ភាពមន្ទិលរវាងកម្ពុជា និងម៉ាឡេស៊ី បានធ្វើឡើងបន្ទាប់ពីលោកស្រីឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រពន្ធរបស់លោក អានវ៉ា អ៉ីប្រាហ៉ីម បានចេញមកប្រកាសថា ស្រ្តីជនជាតិអាមេរិកាំង វ័យ៨៣ឆ្នាំ ដែលជាអ្នកដំណើរតាមនាវា Westerdam ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានផ្ទុកមេរោគ Covid-19។ ការប្រកាសនេះបានធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ក្រសួងសុខាភិបាលកម្ពុជា ដោយសារតែខ្លួនបានពិនិត្យយ៉ាងល្អិតល្អន់ ជាមួយអង្គការសុខភាពពិភពលោក ចំពោះអ្នកដំណើរជាង២២០០នាក់ ដែលចូលកម្ពុជាតាមនាវា Westerdam ហើយទាមទារឱ្យម៉ាឡេស៊ីពិនិត្យឡើងវិញឱ្យបានច្បាស់លាស់។

ទោះជាយ៉ាងនេះក្តី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រីឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីដដែល បានចេញមកប្រកាសជាថ្មីថា ស្រ្តីជនជាតិអាមេរិកវ័យ៨៣ឆ្នាំនោះ មិនមានមេរោគកូរ៉ូណាទៀតទេ បន្ទាប់ពីព្យាបាលអស់រយៈពេលខ្លី។

សម្តេចតេជោ បានសម្តែងការសោកស្តាយចំពោះឥរិយាបទរបស់ម៉ាឡេស៊ី គឺលោកស្រីឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រពន្ធរបស់លោក អានវ៉ា អ៉ីប្រាហ៉ីម ដែលបានចេញមកប្រកាសថា ស្រ្តីម្នាក់ជនជាតិអាមេរិកអាយុ៨៣ឆ្នាំ មានឆ្លង វីរុសកូរ៉ូណាថ្មី បង្កឱ្យមានការភាន់ច្រឡំ និងភ្ញាក់ផ្អើលដល់ពិភពលោក។ សម្តេចបានចាត់ទុកថា ការប្រកាសដោយមិនច្បាស់លាស់នេះ បានដាក់បន្ទុកឱ្យកម្ពុជាខាតបង់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ ដែលពលរដ្ឋកម្ពុជាមិនចាត់ទុកថារឿងនេះស្រាលទេ នោះទេ។

សម្តេចក៏បានបញ្ជាក់ទៀតថា ដោយសារការប្រកាសបែបនេះរបស់ម៉ាឡេស៊ី បានធ្វើឱ្យប្រទេសមួយចំនួន មិនទទួលយកអ្នកដំណើរតាមនាវា Westerdam ដែលចេញពីកម្ពុជាឡើយ ហើយដោយសារតែការប្រកាសរបស់ម៉ាឡេស៊ី ទើបធ្វើឱ្យមានអ្នកនៅលើនាវាត្រូវយឺតយ៉ាវក្នុងការត្រឡប់ទៅផ្ទះវិញ។

ពាក់ព័ន្ធនឹងករណីនេះ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន ប្រធានវិទ្យុបារាំងអន្តរជាតិផ្នែកខេមរភាសា ដែលជាវិភាគភូមិសាស្រ្តនយោបាយដ៏ល្បីមួយរូបនោះ បានផ្តល់គំនិតឱ្យមេដឹកនាំម៉ាឡេស៊ី សុំទោសកម្ពុជា។

លោកសរសេរថា៖ «ទំនាក់ទំនងអន្តរជាតិគឺជាសិល្បៈ តម្រូវឲ្យមេដឹកនាំមានទេពកោសលខ្ពស់ ដ្បិតដើម្បីមុខមាត់ជាតិ ដើម្បីប្រយោជន៍ជាតិ ដើម្បីកុំឲ្យមិត្តអន់ចិត្ត និងដើម្បីកុំឲ្យសត្រូវបានដៃ មេដឹកនាំត្រូវចេះសម្រេចចិត្តរហ័សចំកាលៈទេសៈ ត្រូវចេះបត់បែន ត្រូវចេះហារមាត់បន្ទរសំឡេងខ្លាំងៗ ឬហ៊ានចេញមុខសុំទោសទាន់ពេលវេលា»

លោក ហ្វ្រង់ស្វ័រ បានបន្តថា៖ «ត្រង់នេះ នៅទីបំផុត បើសិនជាជាក់ច្បាស់មែនថាស្ត្រីជនជាតិអាមេរិកនៃនាវា Westerdam មិនដែលមានផ្ទុកកូរ៉ូណាវីរុសថ្មីនៅក្នុងរាង កាយសោះឡើយ ខុសផ្ទុយពីការអះអាងរបស់អាជ្ញាធរសុខាភិបាលម៉ាឡេសុី មេដឹកនាំនៃប្រទេសមួយនេះ ត្រូវសុំទោស ប្រទេសកម្ពុជា»