(ពោធិ៍សាត់)៖ ចោរមួយក្រុមមានគ្នា ៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ បានបន្លំធ្វើជារកទិញទឹកសុទ្ធ ហើយមានអ្នកចូលមកលួចលុយកន្លែងដូរលុយ និងផ្ទេរលុយទ្រូម៉ាន់នីមួយកន្លែងយីហោ អ៊ុន កញ្ញា តាមបណ្តោយផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ៩ ៖២៤នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បើតាមសម្តីស្ត្រីដែលរស់នៅជាប់នឹងតូបដូរលុយ និងផ្ទេរលុយនោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងតែហូបបបរនៅមុខផ្ទះ ពេលនោះបានឃើញស្ត្រីម្នាក់ រួមដំណើរជាមួយបុរសម្នាក់ បានមករកទិញទឹកសុទ្ធ នៅតូបនោះ តែខ្លួនគាត់ក៏មិនចាប់អារម្មណ៍នោះដែរ។

ភ្លាមនោះរូបគាត់បានឃើញម្ចាស់តូប លើកទឹកសុទ្ធដាក់នៅលើម៉ូតូ និងបានឃើញរាប់លុយចុះឡើង។ ជាមួយនឹងការបំភ័ន្តបែបនេះ គាត់ក៏បានឃើញបុរសម្នាក់វ័យជាង ២០ឆ្នាំតិចតួច ដើរអែបរបងសម្តៅចូលតូបនោះ រូបគាត់ក៏មានចម្ងល់ក៏ដើរទៅ ឃើញបុរសនោះ កំពុងតែរុករកលុយដែលដាក់នៅក្នុងថតទូ រួចក៏ស្រែកផ្អើលឆោឡោ ថា«ចោរៗ»តែម្តង។

ជនសង្ស័យដែលមានវ័យជាង២០ឆ្នាំ មានគ្នាម្នាក់ទៀត ឈប់នៅមុខហាងម៉ាស្សាជាប់នោះ ដើម្បីសម្រួលពេលមានបញ្ហា។ នៅពេលផ្អើលឆោឡោ ទាំងអ្នកទិញទឹកសុទ្ធ និងជនសង្ស័យ បានដាក់មេប្រូចដូចគ្នា មួយទៅជើង និងមួយទៀតទៅត្បូង។

នៅក្នុងវីដេអូ ដែលបង្ហាញដោយ Camera សុវត្ថិភាព ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរ ពីសកម្មភាពរបស់ក្រុមចោរទាំងនោះ។ តែនេះក៏ជាសំណាងផងដែរ ដែលក្រុមចោរទាំងនោះមិនបានលួច លុយបានសម្រេច បែរជាត្រូវនឹងអំបោសរបស់ស្ត្រី ដែលរស់នៅជាប់តូបដូរលុយ និងផ្ទេរលុយនោះទៅវិញ៕