(ភ្នំពេញ)៖ នៅក្នុងកិច្ចជំនួបទ្វេភាគីរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯកបម្រុង ឡេ គ្វីវឿង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគីឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។

ភាគីទាំងពីរ បានបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅតាមខ្សែបន្ទាត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដូច្នេះដើម្បីឲ្យការបង្រ្កាបនូវបទល្មើសនេះ មានប្រសិទ្ធភាពបន្ថែមទៀតនោះ ត្រូវធ្វើការទំនាក់ទំនងគ្នា ឲ្យបានញឹកញាប់ និងឲ្យបានលឿនបំផុត ដើម្បីកុំឲ្យប៉ះពាល់ ដល់ការរស់នៅរវាងប្រជាជននៃប្រទេសទាំងពីរ នៅតាមខ្សែបន្ទាត់ព្រំដែននោះ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នាពេលកន្លងទៅកងកម្លាំងនគរបាល នៃប្រទេសទាំងពីរ បានធ្វើការបង្រ្កាបរឹបអូស និងឃាត់ខ្លួនជនសង្ស័យ ករណីគ្រឿងញៀនបានយ៉ាងច្រើនផងដែរ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពនោះ។

យ៉ាងណាក្តី សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ បើទោះបីបញ្ហាសកល នៃគ្រឿងញៀនមិនទាន់ធ្លាក់ចុះក្តី ក៏កម្ពុជានៅតែប្តេជ្ញាខ្ពស់ ចំពោះការទប់ស្កាត់ និងបង្រ្កាបនូវគ្រឿងញៀននេះជាដរាប។

ក្រៅពីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ភាគីទាំងពីរកម្ពុជា-វៀតណាម ក៏សន្យាថា នឹងខិតខំធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗទៀតផងដែរ៕